លោក ពេជ្រ ស្រស់ នឹងទិញម៉ាស ១ម៉ឺនសន្លឹកចែកជូនបងប្អូនកម្មករ និងពលរដ្ឋមួយចំនួននៅថ្ងៃស្អែក
(ភ្នំពេញ)៖ វីរុសផ្លូវដង្ហើមថ្មីកូរ៉ូណា បាននឹងកំពុងឆ្លងទៅកាន់មនុស្សជាច្រើនពាន់នាក់នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន ដែលវីរុសថ្មីមួយនេះ បាននឹងកំពុងតែ បង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។ វូហាន គឺជាទីក្រុងធំមួយក្នុងខេត្តហ៊ូប៉ី ដែលមានប្រជាជនសរុបជាង ១០លាននាក់ឯណោះ ហើយអាជ្ញាធរបានចេញបម្រាមបិទទីក្រុង និងខេត្តនេះទាំងមូលហើយ ដោយមិនអាចមានការធ្វើដំណើរចេញចូលដោយសេរីទៀតឡើយ។
ដើម្បីបង្ការការឆ្លង កូរ៉ូណាវីរុសប្រភេទថ្មីនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នេះថា លោកនឹងទិញម៉ាស់ ១ម៉ឺនសន្លឹក ដើម្បី
ចែកជូនបងប្អូនកម្មករ និង ពលរដ្ឋមួយចំនួននៅថ្ងៃស្អែក គឺក្នុងគោលបំណងចូលរួមទប់ស្កាត់ការឆ្លងជំងឺប្រភេទថ្មីCorona ដល់ពលរដ្ឋខ្មែររបស់យើង។
លោកបន្តថា សូមអ្នកលក់ម៉ាស់សុំយោគយល់ខ្ញុំផង គឺកុំលក់ថ្លៃអី។
សូមជម្រាបថា គិតមកដល់ព្រឹកថ្ងៃច័ន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះ មានមនុស្សចំនួន ៨០នាក់ហេីយ ដែលបានស្លាប់បាត់បង់ជីវិត និងចំនួនអ្នកឆ្លងទូទាំងពិភពលោកដោយសារ វីរុសផ្លូវដង្ហើមកូរ៉ូណា មានចំនួន ២៧៦១ ករណីដែលរួមមានប្រទេសដូចជា៖ ចិន ហុងកុង ថៃ បារាំង ម៉ាឡេស៊ី សឹង្ហបុរី តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក វៀតណាម អូស្ត្រាលី ណេប៉ាល់ កាណាដា៕