អន្ទិត ហោ សុខុន អតីតចៅអធិការវត្តច្បារអំពៅ ក្រោយពីសឹករួចបាន១ឆ្នាំ ពេលនេះបានក្លាយជាតារាចម្រៀងក្នុង Facebook (មានវីដេអូ)

(ភ្នំពេញ)៖ បងប្អូនមហាជនប្រាកដជានៅចាំអន្ទិតហោ សុខុន ដែលជាអតីតព្រះចៅអធិការវត្តច្បារអំពៅដែលកាលនៅសង្ឃមានភាពល្បីល្បាញគួរសមដែរ ក៏ប៉ុន្តែដោយសារតែបានប្រព្រឹត្តខុសវិន័យសង្ឃគឺត្រូវបានគណៈសង្ឃចាប់ផ្សឹកកាលពីអំឡុងខែកុម្ភះ ឆ្នាំ២០១៩។

ថ្មីៗនេះគេឃើញលេចវត្តមានអន្ទិត ហោ សុខុន បានបង្ហាញខ្លួនតាមបណ្ដាញសង្គមផេកហ្វេសប៊ុករបស់ខ្លួនដែលមានឈ្មោះថា Hor Sokhon Page
ដែលបង្ហាញពីរូបភាពបែបជាតារាដោយមានទុកសក់វែង និងតែងខ្លួនសំលៀកបំពាក់ដូចតារាចំរៀងហើយបង្ហាញសំនៀងច្រៀងតាមបណ្ដាញសង្គមហ្វេសប៊ុកដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍។ មហាជនមួយចំនួនមានការឆ្ងល់ និងចោទសួរថាហេតុអ្វីបានជាអន្ទិត ហោ សុខុន នេះ ក្លាយទៅជាមនុស្សបែបនេះ ពីព្រោះអ្នកដែលបានបួសជាសង្ឃហើយ ពេលសឹកវិញមិនងាយបញ្ចេញកាយវិការ និងចរិតបែបនេះនោះទេ។

គួររំលឹកថា អន្ទិត ហោ សុខុន ត្រូវបានគណៈសង្ឃទាំងពីរគណៈចាប់ផ្សឹកកាលពីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៩ នៅវត្តបុទមវតី ដោយថាព្រះអង្គនេះបានធ្វើខុសវិន័យសង្ឃ។ ក្រោយពីបានចាប់ផ្សឹករួចមិនបានប៉ុន្មានថ្ងៃផងព្រះតេជគុណហោសុខុនក៏ត្រូវបានបញ្ចប់តួនាទីជាព្រះចៅអធិការវត្តច្បារអំពៅ និងបញ្ចប់តំណែងជាទីប្រឹក្សាសម្ដេចព្រះសង្ឃរាជទេព វង្ស និងសង្ឃនាយក នន្ទ ង៉ែត ផងដែរ។
ការសម្រេចបញ្ចប់តួនាទីនេះធ្វើឡើងតាមរយៈសេចក្តីសម្រេចមួយនៅថ្ងៃទី១៣ ខែកុម្ភៈ ដោយមានការចុះហត្ថលេខាដោយសម្ដេចព្រះ សង្ឃរាជ ទេពវង្ស សម្ដេចសង្ឃនាយក នន្ទ ង៉ែត រួមនឹងលោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

ការសម្រេចសឹកព្រះសង្ឃអង្គនេះធ្វើឡើងក្រោយពេលព្រះអង្គបានបញ្ចេញសាររិះគន់រដ្ឋាភិបាលជាច្រើន ពិសេសរិះគន់បញ្ហាដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដោយសហគមន៍អឺរ៉ុប ហើយចុងក្រោយព្រះអង្គបានហៅសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថាជាផ្កាយសំណាងកម្ពុជាដែលជាអ្នកដឹកនាំឈាមត្រជាក់គ្មានបាតដៃប្រឡាក់ឈាមព្រះអង្គក៏បានគាំទ្រឲ្យលើកសម្តេច ស ខេង ជានាយករដ្ឋមន្ត្រីជំនួសសម្តេច ហ៊ុន សែន ទើបអាចបញ្ចៀសបញ្ហាផ្ទៃក្នុង។ ឆ្លើយតបនឹងរឿងនេះ សម្តេច ស ខេង បានបញ្ចេញសារមួយថាការសរសើរដល់រូបលោកនេះជាចេតនាបំបែកបំបាក់ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងចេតនាមិនល្អ។ ចាប់ពីពេលនោះមកតេជគុណហោសុខុនត្រូវបានចាប់ផ្សឹក ទាំងយប់ក្រោមមូលហេតុថាបានប្រព្រឹត្តខុសធម៌វិន័យនៃព្រះពុទ្ធសាសនា៕

កម្មវិធីកំសាន្តភ្ជាប់ជាមួយការអប់រំ អតីតអ្នកបួស ហោសុខុន អតីតព្រះគ្រូចៅអធិការវត្តច្បារអំពៅ រាជាធានីភ្នំពេញ

Posted by Hor Sokhon Page on Monday, January 20, 2020

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds