ក្មេងស្រី​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវដែលត្រូវក្រុម​ក្មេងស្រី ៤​នាក់វាយ​ ត្រូវបានម្ចាស់​ហាង​ពេជ្រ ដា​ណា ផ្តល់អំណោយលើកទឹកចិត្ត

(​ភ្នំពេញ​)៖ លោកស្រី ទ្រី ដា​ណា ម្ចាស់​ហាង​ពេជ្រ ដា​ណា នៅក្នុង​រាជធានី​ភ្នំពេញ បាន​ជួប​ផ្ទាល់​ជាមួយ​ក្មេងស្រី​សិស្ស​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ និង​ឪពុកម្តាយ ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​ក្មេងស្រី​រងគ្រោះ ដែល​ត្រូវបាន​​ក្រុម​ក្មេងស្រី ៤​នាក់ ព្រួត​គ្នា​វាយ ត្រូវតែ​​រឹងមាំ និង​ខិតខខំ​ប្រឹងប្រែង​រៀនសូត្រ​។ លោកស្រី ទ្រី ដា​ណា បានផ្តល់​ខ្សែក​ពេជ្រ និង​ម៉ូតូ​ថ្មី​មួយគ្រឿង ដល់​ក្មេងស្រី​រងគ្រោះ​​។​

​ក្រោយ​ទទួលបាន​អំណោយ​ខាងលើ កាលពី​ថ្ងៃអាទិត្យ ទី​១៩ ខែមករា ឆ្នាំ​២០២០ លោក ឈិន សោ​ភណ្ឌ ឪពុក​ក្មេងស្រី​រងគ្រោះ បាន​បង្ហោះ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា «​សូម​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ហាង​ពេជ្រ​ទ្រី​ដា​ណា ដែល​ផ្តល់​អំណោយ​ដល់​កូនស្រី​មរកត ខ្ញុំ​គ្មានអ្វី​ក្រៅពី​ម្រាមដៃ​ដប់ អគុណ​ដល់​ទឹកចិត្ត​ថ្លៃថ្លារ​បស់បង​ឡើយ និង​សូម​ជូនពរ​បងស្រី និង​ក្រុមគ្រួសារ​អោយ​ជួប​សុភមង្គល នឹង​ជោគជ័យ​គ្រប់​កាលៈទេសៈ​»​។​ សូមបញ្ជាក់ថា លោកស្រី ទ្រី ដា​ណា គឺជា​ម្ចាស់​ហាង​ពេជ្រ ដា​ណា នៅ​ព្រែក​ព្នៅ ក្នុង​រាជធានី​ភ្នំពេញ និង​ជា​អគ្គនាយិកា ក្រុមហ៊ុន ដា​ណា ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី ដែល​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​ផលិតផល​កែ​សម្ផស្ស NNP​។

​ក្មេងស្រី​រងគ្រោះ មរកត អាយុ ១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៨ នៅ​វិទ្យាល័យ​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុម​ក្មេងស្រី​ទំនើង​មួយក្រុម មាន​គ្នា ៤​នាក់ ព្រួត​គ្នា​វាយ​ទាត់​ធាក់​ក្នុង​ថ្នាក់រៀន ហើយ​ថត​វិ​ដេ​អូ​។ វិ​ដេ​អូ​នោះ ត្រូវបាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២០​។ ភ្លាមៗ ក្រុម​ក្មេងស្រី​ទំនើង ៤​នាក់ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន ហើយ​នៅ​ថ្ងៃទី​១៧​មករា ឆ្នាំ​២០២០ ក៏មាន​ការសម្របសម្រួល ដោះស្រាយ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ក្រុម​ក្មេងស្រី​ទំនើង​ទាំង ៤​នាក់ បាន​សំពះសុំទោស ហើយ​ប៉ូលិស​បាន​ថត​វិ​ដេ​អូ​ពី​ការ​សុំទោស​នោះ បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​។ ក្រុម​ក្មេងស្រី​ទំនើង ក៏បានផ្តល់​សំណង ២០០០ ដុល្លារ​ដល់​ក្មេងស្រី​រងគ្រោះ​។​

​ប៉ុន្តែ​នៅ​ព្រលប់​ថ្ងៃទី​១៧​មករា ឆ្នាំ​២០២០ ក្មេងស្រី​រងគ្រោះ នៅតែ​មិន​ស្ងប់ចិត្ត ហើយ​បាន​សំពះ​សុំ​អន្តរាគមន៍​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយ​ស្នើសុំ​ឲ្យ​តុលាការ ចាត់ការ​លើ​ក្រុម​ក្មេងស្រី​ទាំងនោះ​។​
នៅ​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ លោក ឈិន សោ​ភណ្ឌ បានប្រកាស​ស្នើសុំ​ក្រសួង​មាន​សមត្ថកិច្ច និង​តុលាការ ចាត់វិធានការ​ផ្លូវច្បាប់​លើ​ក្រុម​ក្មេងស្រី ទាំង ៤​នាក់ ដោយសារតែ​កូនស្រី​លោក តក់ស្លុត ហើយ​មហាជន​មួយចំនួន ក៏​មិន​អស់ចិត្ត នឹង​ចំណាត់ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​ច្បាប់​របស់​ប៉ូលិស​៕​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds