រឿងព្រួតវាយក្មេងស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ ត្រូវបានដោះស្រាយចប់ហើយ, ដោយសមត្ថកិច្ចឲ្យអាណាព្យាបាល និងសិស្សបង្កហេតុ សុំទោសឪពុកម្តាយ និងក្មេងស្រីរងគ្រោះ
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ ករណីក្មេងស្រី ៤នាក់ ព្រួតវាយក្មេងស្រីម្នាក់នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវ ត្រូវបានដោះស្រាយបញ្ចប់ ដោយតម្រូវឲ្យអាណាព្យាបាល និងសិស្សបង្កទាំង៤នាក់ សុំទោសទៅអាណាព្យាបាល និងយុវតីជនរងគ្រោះ ព្រមទាំងសុំទោសជាសាធារណៈចំពោះអ្វីពួកគេបានធ្វើ។
ក្រោយមានការសម្របសម្រួលគ្នាទៅតាមនីតិវិធី ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានកំណត់ឲ្យខាងភាគីបង្កធ្វើការសុំទោស ជាសាធារណៈទៅក្រុមគ្រួសារជនរងគ្រោះ។ បន្ទាប់ពីការសុំទោសហើយនោះ សមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាអប់រំ ដោយមិនឲ្យពួកគេប្រព្រឹត្តទង្វើអមនុស្សធម៌ ឬហិង្សាបែបនេះតទៅ ហើយមិនត្រូវឲ្យមានការគុំគួនទៅខាងភាគីជនរងគ្រោះឡើយ។
បន្ថែមពីនេះអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះ ក៏បានប្រាប់ក្រុមអ្នកសារព័ត៌មានដែរថា ក្រោយមានការសម្របសម្រួលចប់សព្វគ្រប់ ក្រុមគ្រួសារសិស្សបង្ក និងក្រុមគ្រួសាររងគ្រោះ ទទួលយល់សង និងទទួលទឹកប្រាក់ចំនួន ២,០០០ដុល្លារដែលជាសំណងរដ្ឋប្បវេណី។
សូមរំលឹកថា ករណីនេះបានកើតឡើងនៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន ហើយបានកើតឡើងតាំងពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ។ ជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស្រ៊ុន កែវមរកត អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ផ្លូវ៣៤៣០។ ចំណែក ក្រុមជនបង្កមានគ្នា ៤នាក់ រៀនថ្នាក់ទី៩ម្នាក់ ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន៣ទៀត មកវាយលើជនរងគ្រោះថែមទៀត៕