សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តអោយប្រទេសជប៉ុនប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង (Blockchain) ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ឲ្យមានដំណើរការប្រសើរនិងសុក្រឹត្យភាពនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) សមាជិកសភាជប៉ុន
នៅវិមានសន្តិភាព ព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះ ឯកឧត្តម យ៉ាម៉ាម៉ូតុ កូហ្សូ (YAMAMOTO KOZO) បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានជួបជាមួយសម្តេចតេជោកាលពីឆ្នាំ២០០៧ ហើយឯកឧត្តមពិនិត្យឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សបំផុត។ ឯកឧត្តមបានគោរពជម្រាបជូន សម្ដេចតេជោថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ គឺមានគោលដៅពីរ ១.គឺដើម្បីសិក្សាពីសេវាទូទាត់ប្រាក់តាមប្រព័ន្ធទូរសព្ទដៃ និងការអភិវឌ្ឍនប្លុកឆេងនៅកម្ពុជា។ ការអភិវឌ្ឍប្លុកឆេង
(Blockchain) នៅកម្ពុជានេះ ឯកឧត្តមបានបញ្ជាក់ថា បើសិនដាក់ឲ្យដំណើរការរួចហើយនោះ កម្ពុជាគឺជាប្រទេសទីមួយហើយដែលដាក់ចេញឲ្យប្រើប្រាស់នូវប្រព័ន្ធឌីជីថលទំនើបមួយនេះ។ គោលដៅទី២ គឺឯកឧត្តមមកធ្វើការសិក្សាអំពីបញ្ហាការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុងភ្នំពេញ។ ឯកឧត្តមក៏បានស្នើអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោហ៊ុនសែននៅបញ្ហាទាំងពីរខាងលើ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឯកឧត្តម មកធ្វើការសិក្សាទៅលើការប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធទូរស័ព្ទដៃ និងប្លុកឆេង (Blockchain) ដើម្បីឱ្យការទូទាត់តាមប្រព័ន្ធឌីជីថលនេះ ឲ្យមានដំណើរការប្រសើរនិងសុក្រឹត្យភាពនៅកម្ពុជា។ ពាក់ព័ន្ធជាមួយនឹងបញ្ហាទឹកស្អាត សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាគឺត្រូវការពង្រីកស្ថានីយទឹកស្អាតឲ្យបានច្រើន ដោយសារតែរាជធានីភ្នំពេញកាន់តែរីកធំឡើងជាលំដាប់ពី ៣០០គីឡូម៉ែត្រការ៉េរហូតទៅដល់ប្រជាជាង៦០០គីឡូម៉ែត្រការ៉េ ហើយការអភិវឌ្ឍផ្ទះសម្បែងមានការរីកលូតលាស់ និងឆាប់រហ័សផងដែរ។ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងទទួលផ្គត់ផ្គង់ទឹកទៅកាន់ក្រុងតាខ្មៅខេត្តកណ្ដាលផងដែរ។ សម្ដេចតេជោបានបញ្ជាក់ថា ការងារពីរដែលត្រូវធ្វើ ទី១. គឺត្រូវពង្រីកនូវសមត្ថភាពការផ្គត់ផ្គង់ទឹកស្អាត ឲ្យដល់ប្រជាពលរដ្ឋប្រើប្រាស់កាន់តែទូលំទូលាយ និង ទី២. គឺធ្វើយ៉ាងណាពង្រីកបណ្ដាញចែកចាយទៅកាន់តំបន់អភិវឌ្ឍន៍ថ្មីៗថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds