ប្រសើរណាស់! អ្នកវិនិយោគិន ជនជាជាតិបារាំង គ្រោងវិនិយោគទុន លើវិស័យអាកាសចរ នៅខេត្តបាត់ដំបង ឲ្យដំណើរការឡើងវិញ

ខេត្តបាត់ដំបង៖ នៅក្នុងជំនួបពិភាក្សាការងារ និងសម្តែងការគួរសម នៅសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានគាំទ្រ ចំពោះគម្រោង ចង់វិនិយោគ លើវិស័យអាកាសចរ ក៏ដូចជា ធ្វើឲ្យព្រលានយន្តហោះខេត្ត មានដំណើរការឡើងវិញ របស់លោក Emmanuel DIAS អ្នកវិនិយោគិន និងជាភីឡុតយន្តហោះ របស់ក្រុមហ៊ុន Airaviata(AAT) Cambodia Regional Airlines ផងដែរ។

បើតាមលោក Emmanuel DIAS អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Airaviata(AAT) Cambodia Regional Airlines Company បានឲ្យដឹងនៅក្នុងជំនួបនោះថា៖ លោក មានបំណង មកវិនិយាគ លើវិស័យអាកាសចរ ដឹកអ្នដំណើរ ដោយការហោះហើរ ជើងក្នុងស្រុក ព្រមទាំងប្រភេទយន្តហោះខ្នាតតូច នៅខេត្តបាត់ដំបងឡើងវិញ ក្នុងគោលបំណង ដើម្បីចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញ និងជួយជំរុញ ឲ្យវិស័យទេសចរណ៍ ក៏ដូចអ្នកទេសចរណ៍ មកកាន់តែច្រើនបន្ថែមទៀត នៅខេត្តបាត់ដំបងនេះផងដែរ ។

មានប្រសាសន៍ក្នុងពិធីនេះដែរលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៍បានស្វាគមន៍ និងគាំទ្រ ចំពោះគម្រោង ចង់វិនិយោគលើវិស័យមួយនេះ របស់ក្រុមហ៊ុនជនជាតិបារាំង ក៏ដូចជាធ្វើ ឲ្យព្រលានយន្តហោះខេត្តបាត់ដំបង មានដំណើរការឡើងវិញ ហើយបើគម្រោងនេះ ទទួលបានជោគជ័យ គឺងាយស្រួល ដល់អ្នកធ្វើដំណើរ ជាពិសេស គឺភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរ បានឆាប់រហ័ស ទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនផងដែរ ។

សូមបញ្ជាក់ថា៖ អាកាសយានដ្ឋាន ខេត្តបាត់ដំបងនេះ បានដាក់អោយដំណើរការ នៅឆ្នាំ១៩៦៨ ដោយមានជើងហោះហើរជាច្រើន ក្នុងការធ្វើដំណើរ ទៅមកភ្នំពេញ និងបាត់ដំបង ។ លុះនៅសម័យ លន់ ណុល ឬរបបសាធារណរដ្ឋ ផ្លូវថ្នល់ ទៅកាន់ក្រុងភ្នំពេញ ត្រូវកាត់ផ្តាច់ទាំងអស់ ចំណែកការធ្វើដំណើរធ្វើ ទៅកាន់ទីក្រុងភ្នំពេញ ឬពីភ្នំពេញ មកកាន់បាត់ដំបង ត្រូវពឹងផ្នែក លើយន្តហោះទាំងស្រុង ប៉ុន្តែគួរឲ្យសោកស្តាយ រយៈពេលជិត២០ឆ្នាំមកនេះ ព្រលានយន្តហោះ ខេត្តបាត់ដំបង ត្រូវផ្អាកដំណើរ មិនមានយន្តហោះធ្វើចរាចរឡើយ ។ បច្ចុប្បន្ន អាកាសយានដ្ឋាន ខេត្តបាត់ដំបង បានក្លាយជាកន្លែងទាក់ទាញទេសចរណ៍ ពិសេសនៅរៀងរាល់ពេលល្ងាច មានយុវជន យុវតី និងបងប្អូនប្រជាពលរដ្ឋជាច្រើន បានមកលំហែរកាយ និងលេងកម្សាន្តនៅទីនេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds