បុគ្គលម្នាក់យកឈ្មោះអ្នកធំ ឆបោកប្រាក់អ្នកវិនិយោគជនជាតិថៃមួយក្រុម អស់ជាង២លានដុល្លារ
ភ្នំពេញ)៖ បុគ្គលម្នាក់ដែលបានក្លែងតួនាទីជាទីប្រឹក្សាថ្នាក់ដឹកនាំកំពូលក្នុងជួររាជរដ្ឋាភិបាលកម្ពុជា មកឆបោកក្រុមអ្នកវិនិយោគជនជាតិថៃអស់ប្រាក់ជាង២លានដុល្លារសហរដ្ឋអាមេរិក ក្រោមរូបភាពថា យកប្រាក់នេះមកវិនិយោគបើកក្រុមហ៊ុននៅកម្ពុជានោះ ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យចាប់ខ្លួន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
បច្ចុប្បន្នបុគ្គលខាងលើនេះត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាឲ្យចាប់ខ្លួនក្រោមបទចោទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។
បុគ្គលឆបោកខាងលើនេះ ត្រូវបានគេស្គាល់ថា ឈ្មោះ សារិន រ៉ាត់ណាត់ដាណៃ អាយុ៣៨ឆ្នាំ បានឆបោកអ្នកវិនិយោគជនជាតិថៃមួយក្រុម ដែលរស់នៅក្នុងប្រទេសថៃ។
បុគ្គលឆបោកនេះ បានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាលកម្ពុជា ដោយយកលេសថា ស្គាល់អ្នកធំនេះ ស្គាល់អ្នកធំនោះ ក្នុងន័យធ្វើយ៉ាងណាឲ្យក្រុមអ្នកវិនិយោគជនជាតិថៃទុកចិត្តផ្តល់លុយរហូតដល់ជាង២លានដុល្លារអាមេរិកដល់ខ្លួន ដើម្បីអាចមករកស៊ីនៅកម្ពុជា តាមទង្វើឆបោកនេះ ដែលចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៧ ហើយបច្ចុប្បន្នបុគ្គលខាងលើនេះ បានរត់គេចខ្លួនចេញពីប្រទេសកម្ពុជា។
សូមជម្រាបថា បុគ្គលខាងលើនេះធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបញ្ជាឲ្យចូលខ្លួន តាមដីកាចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ទៅបំភ្លឺនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃពាក់ព័ន្ធករណី គំរាមថានឹងសម្លាប់ បទបរិហារកេរ្តិ៍ ប្រើប្រាស់ឯកសារក្លែង និងឆបោកប្រាក់ ពីក្រុមអ្នកវិនិយោគជនជាតិថៃ។
បើតាមអ្នកវិនិយោគជនជាតិថៃ បានឲ្យដឹងថា បុគ្គលខាងលើនេះ ក៏កំពុងរងពាក្យបណ្តឹងពីអ្នកវិនិយោគជនជាតិថៃផ្សេងទៀត នៅក្នុងប្រទេសថៃផងដែរ ហើយតុលាការនៅក្នុងប្រទេសថៃ ក៏កំពុងស្វែងរកចាប់ខ្លួនបុគ្គលនេះផងដែរ។