Real គ្រោង​ចាយ​ជិត ៦០០ លាន​ដុល្លារ ​ប្រែក្លាយ​ស្តាត​ឌីជីថល​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​

ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ ម៉ោង11:45AM

Real Madrid នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​នូវ​គម្រោង​ប្រែក្លាយ​ Santiago Bernabéu នៅ​ចុង​រដូវ​កាល​នេះ ដើម្បី​ឲ្យ​ក្លាយ​ជា​កីឡដ្ឋាន​ឌីជីថល​​ដំបូង​គេ​បង្អស់ និង ល្អ​ដាច់​គេ​បំផុត​លើ​ផែនដី។ នេះ​បើ​តាម The Guardian បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

គម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ឆ្នាំ ២០២៣ ហើយ​នឹង​ត្រូវ​ចំណាយ​ទឹកប្រាក់​ប្រមាណ ៥២៥ លាន​អឺរ៉ូ (៥៨៨ លាន​ដុល្លារ)។

​កីឡដ្ឋាន​ទាំង​មូល​នឹង​ត្រូវ​ស្រោប​ទៅ​ដោយ​ដែក​អ៊ីណុក ខណៈ​ដែល​​ម្ចាស់​ក្លឹប​គឺ​លោក​ Florentino Perez ជឿ​ថា​ស្តាត​ដ៏​ទំនើប​​ពុំ​ធ្លាប់​មាន​នេះ​​ នឹង​ជួយ​បង្កើន​ចំណូល​​យ៉ាង​ហោច ១៦៨ លាន​ដុល្លារ​ ប្រចាំ​ឆ្នាំ​បន្ថែម។ នេះ​បើ​តាម​វេបសាយ​អង់គ្លេស 90MIN។

ប្រភព​ខាង​លើ​បន្ថែម​ថា ទឹក​ប្រាក់​សរុប​​ជិត​ ៦០០ លាន​ដុល្លារ​សម្រាប់​ប្រើ​ដើម្បី​កែ​លម្អ​ស្តាត​នេះ គឺ​ជា​ប្រាក់​កម្ចី ដែល​ Real Madrid នឹង​សង​វិញ​ក្នុង​រយៈពេល​យូរ​រហូត​ដល់​ទៅ ៣៥ ឆ្នាំ។

លោក Perez បាន​និយាយ​ថា “ការ​កែប្រែ [​កីឡដ្ឋាន​ឲ្យ​ក្លាយ​ជា​ឌីជីថល] នេះ​​គឺ​ជា​ជំហាន​នៃ​ការ​រាប់​ដើម្បី​ចាប់ផ្ដើម​ការ​បង្កើត​ថ្មី​នៃ​ស្ថាបត្យកម្ម​ពិត​ប្រាកដ​នៅ​ក្នុង​កីឡដ្ឋាន​របស់​យើង”។

ចង់​ដឹង​ថា​កីឡដ្ឋាន​ឌីជីថល​ដំបូង​បង្អស់​នេះ​មាន​អ្វី​អស្ចារ្យ​បំផុត សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds