កងរាជអាវុធហត្ថខេត្តប៉ៃលិន៖ កងកម្លាំង ត្រូវបន្តយកចិត្តទុកដាក់ លើកិច្ចការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
(ខេត្តប៉ៃលិន)៖ លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីកិច្ចការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ សវនាការ ជំនុំជម្រះក្តីជនជាប់ចោទ កឹម សុខា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ក្នុងសាលប្រជុំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយ នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាការកងវរអន្តរាគមន៍ ព្រមទាំងនាយ នាយរង និងពលអាវុធហត្ថខេត្ត ជាច្រើន រូបផងដែរ ។
បើតាមលោក អនុសេនីយ៍ត្រី ឡុក រ៉ាស៊ី គណៈចាត់តាំងកម្មវិធី បានឲ្យដឹងថា៖ក្នុងកិច្ចប្រជុំនេះ គឺដើម្បីឲ្យមន្ត្រីអាវុធហត្ថខេត្តទាំងអស់ បង្កើនការយកចិត្តទុកដាក់ស្រាវជ្រាវ ពាក់ព័ន្ធសភាពការណ៍សន្តិសុខ ជាពិសេសសភាពការណ៍ក្នុងអំឡុងពេលដំណើការណ៍ជម្រះក្តី កឹម សុខា ចាប់ពីថ្ងៃនេះរហូតដល់មានបទបញ្ជាជាថ្មី និងត្រៀមកម្លាំងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅតាមអង្គភាពនិមួយៗសម្រាប់ចេញអន្តរាគមន៍ពេលមានហេតុការណ៍កើតឡើងនៅក្នុងមូលដ្ឋានខេត្តផងដែរ។
មានប្រសាសន៍ក្នុងពិធីនេះដែរលោកឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានលើកឡើងថា៖ក្នុងនាមយើងជាកងកម្លាំង ជាយោធាច្បាប់ ត្រូវធ្វើកិច្ចការប្រកបដោយភាពម៉ឺងម៉ាត់ រក្សាបាន នូវវិន័យ គោរពនូវបទបញ្ជា របស់ថ្នាក់លើ លើកកម្ពស់ស្មារតី ប្រុងប្រយ័ត្ន រាល់ការញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុង ហើយក៍ត្រូវតែដឹងឲ្យច្បាស់ ពីចំណុច ដែលនៅខ្វះខាត និងបទល្មើស ដែលមិនទាន់បង្ក្រាបបាន ត្រូវបន្តយកចិត្តទុកដាក់ តាមដានស្រាវជ្រាវ រាល់ព័ត៌មាន ដែលទាក់ទង ទៅសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដែលបង្ករការភ័យខ្លាច ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍បន្តថា៖ ចំពោះមន្ត្រីព័ត៌មាន និងសន្តិសុខ ត្រូវសហការ រាយការណ៍ដល់ជំនាញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ប្រចាំ ជាពិសេស ពាក់ព័ន្ធ និងព័ត៌មានសន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីមានវិធានការណ៍ដោះស្រាយ ដោយយើងមិនអាចវាយតម្លៃ អត្តនោម័ត ចំពោះសភាពការណ៍ របស់ពួកជនអគតិ ដែលមានឧបាយកល និង ញុះញង់ បំពុលបរិយាកាស សង្គម បានឡើយ ដូច្នោះយើងត្រួវរួមគ្នាពង្រឹងករណីនេះឲ្យបាន ។ជាមួយគ្នានេះលោកមេបញ្ជាការអាវុធហត្ថ ក៏បានរំលឹកផងដែរ ពីតម្លៃនៃសន្តិភាព ដែលយើងមានសព្វថ្ងៃនេះ ជាសន្តិភាព ដែលមិនងាយនិងរកបាន ដោយស្រួលៗនោះទេ ដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់សង្រ្គាមស៊ីវិល បាននាំនូវសន្តិភាពពេញលេញ ទាំងស្រុងនៅកម្ពុជា ហើយបានប្រែក្លាយតំបន់ជំលោះ ជាតំបត់អភិវឌ្ឍ ហើយនយោបាយឈ្នះ ឈ្នះ គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់នោះឡើយ ដែលអ្នកឈ្នះគឺជាប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នា ដូច្នេះទោះ ជាត្រូវលះបង់ ក្នុងតម្លៃណាក៏ដោយ ត្រូវថែរក្សាសន្តិភាពនេះឱ្យបានផងដែរ៕