សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជម្រាបAPPF ថាយន្តការសភាមានសារៈសំខាន់ក្នុងការកសាងសន្តិភាពហើយសភាកម្ពុជាគាំទ្រនយោបាយពហុនិយម
(អូស្ត្រាលី)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមប្រធានវេទិកាសភាអាស៊ីប៉ាហ្វិ ដែលហៅកាត់ថា APPF លើកទី២៧ បានថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអស្រ្តាលី នាពេលព្រឹកថ្ងៃទី១៣ ខែមករា។ សម្តេច បានលើកឡើងពីតួនាទីដ៍សំខាន់របស់សភា គឺសភា មានតួនាទីចម្បង ក្នុងការបង្ការនិងផ្សះផ្សារជម្លោះ ព្រមទាំងប្រែក្លាយពីជម្លោះឱ្យទៅជាសន្តិភាព និងការអភិវឌ្ឍ។
សម្តេចប្រធានរដ្ឋសភា បានជម្រាបវេទិកាAPPF ថាអំណាចរបស់សភាស្ថិតនៅក្នុងតួនាទីត្រួតពិនិត្យ ការ សម្រេចិត្តលើថវិកា និងការចូលរួមរបស់សហគមន៍មូលដ្ឋាន។ សមាជិកសភាអាចធ្វើច្បាប់ និងបទដ្ឋានអន្តរជាតិបន្ថែមទៀត ដើម្បីជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្តល់សិទ្ធិអំណាចដល់ការចូលរួមរបស់ប្រជាជនក្នុងនយោបាយពិភពលោក។
កិច្ចប្រជុំ APPFលើកទី២៨ ដែលសភាប្រទេសអូស្រ្តលី ជាម្ចាស់ផ្ទះនេះ រៀបចំធ្វើពីថ្ងៃទី១៣ដល់ថ្ងៃទី១៥មករា នៅវិមានរដ្ឋសភានាទីក្រុងកង់បេរ៉ា។ ពិធីបើកផ្លូវការកិច្ចប្រជុំនៅព្រឹកនេះ បានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធាន APPF លើកទី២៨ ដោយមានមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០និងឆ្នំាបន្តបន្ទាប់»។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានអញ្ជើញឡើងថ្លែងសន្ទរកថាក្នុងពិធីបើកនេះដែរ ក្នុងនាមសម្តេចជាប្រធានAPPF២៧ ដែលសភាកម្ពុជាបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកាលពីឆ្នាំ២០១៩។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃថា មូលបទសម្រាប់កិច្ចប្រជុំនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងនូវភាពចាំបាច់និងសារៈសំខាន់សម្រាប់បណ្តាសភានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីធ្វើការឱ្យកាន់តែជិតស្និទ្ធក្នុងភាពជាដៃគូ ក្នុងការដោះស្រាយបញ្ហាសកល និងតំបន់ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត។ សម្តេចបានជម្រាប APPFថា កម្ពុជាគាំទ្រ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវប្រព័ន្ធពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅរួមចំណែកសម្រេចបាននូវក្តីប្រាថ្នារួម របស់តំបន់ព្រមទាំងទស្សនៈវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ពីរទសវត្សរ៍ចុងក្រោយនេះ សភាកម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណងចូលរួមចំណែកចំពោះសន្តិភាពសកល សន្តិសុខ វិបុលសុខរួមនិងការអភិវឌ្ឍប្រកបដោយចីរភាព៕