គម្រោងអគារខ្ពស់ៗជិត៥ម៉ឺនគម្រោង តម្លៃជាង១១៨លានដុល្លារ ត្រូវបានអនុញ្ញាតឲ្យសាងសង់ នៅទូទាំងប្រទេស ក្នុង២ទស្សវត្សរ៍មកនេះ
(ភ្នំពេញ)៖ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតសាងសង់នៅទួទាំងប្រទេសចំនួន ៤៨ ៤៤៦គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៣៦ ៦៦០ ០៧០ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ១១៨ ៦៩៤ ១២១ ដុល្លារ ។ នេះបើតាមរបាយ ការណ៍ បូក សរុបលទ្ធផលនៃការអនុវត្តការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
របាយការណ៍របស់ក្រសួងរៀបចំដែនដីដដែល បានឲ្យដឹងថា គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងនៅ ទូទាំងប្រទេសមានចំនួន ១ ៧០១អគារ (ក្នុងនោះអគារខ្ពស់ៗ ចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន ៩០២អគារ អគារចាប់ពី ១០ជាន់ទៅ១៩ជាន់ មានចំនួន៤៩៣អគារ អគារចាប់ពី២០ជាន់ទៅ២៩ជាន់ មានចំនួន ១៦៣អគារ អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន១០១អគារ និងអគារចាប់ ពី ៤០ ជាន់ឡើង មានចំនួន ៤២ អគារ )។
ដោយឡែក នៅខេត្តព្រះសីហនុ អគារចាប់ពី៥ជាន់ទៅចំនួន ២៨៤អគារ គម្រោងបុរីលំនៅដ្ឋាន និងបណ្តុំលំនៅដ្ឋានមានលក្ខណៈបុរីចំនួន ៣១២គម្រោង និងលំនៅដ្ឋានមានលក្ខណៈជាអគារសហកម្មសិទ្ធិ ក្នុងរាជធានីភ្នំពេញ គិតចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ មានចំនួន ២២ ២៦៩ចំណែកឯកជន៕