ឃាត់ម្ចាស់រថយន្ដ ដែលបើកបុកមនុស្ស ២នាក់ស្លាប់ នៅផ្លូវ៦០ម៉ែត្របានហើយ នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ(មានវីដេអូ)

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចតាមឃាត់ម្ចាស់រថយន្ដ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យមនុស្សស្លាប់២នាក់បានហើយ នៅផ្ទះម្ចាស់រថយន្ដផ្ទាល់តែម្ដង ដែលមានទីតាំងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

បើតាមលោកអធិការ ជនបង្កឈ្មោះ ឆេង គីមលី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ដោយឡែក នៅក្នុងប័ណ្ណសម្គាល់យានយន្ដ ឈ្មោះ ឆេង ម៉េងលី គឺជាបងជីដូនមួយរបស់ខ្លួន ដោយហេតុថា ខ្លួនមានអាស័យដ្ឋាននៅខេត្ត មិនអាចធ្វើផ្លាកលេខនៅភ្នំពេញបាន ទើបឲ្យបងឈរឈ្មោះឲ្យ។

តែយ៉ាងណានោះ នៅពេលសួរចម្លើយ ម្ចាស់រថយ​ន្តរូបនេះ បានប្រាប់ថា ខ្លួនមិនបានបើករថយន្តនោះទេ គឺជាពូរបស់ខ្លួន ដែលបានបើកកាលពីព្រឹកមិញ។ បច្ចុប្បន្នជនបង្កកំពុងកសាងសំណុំរឿង ដើម្បីត្រៀមបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី។

សូមជម្រាបថា រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Camry ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ ហើយបើករត់គេចខ្លួនបាត់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ទីតាំង ហើយធ្វើការវាស់វែងយកម៉ូតូ ប្រគល់ឲ្យនគរបាលជំនាញ និងដើម្បីស្រាវជ្រាវតាមចាប់ អ្នកបើកបររថយន្តបង្កយកមកដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពត្រូវបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

នេះជាវីដេអូដែលជនបង្ករបើកបុកជនរងគ្រោះបណ្តាលអោយស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុ៖

វីដេអូសកម្មភាព រថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បុកមនុស្ស២នាក់ស្លាប់ នៅផ្លូវ៦០ម៉ែត្រ ហើយរត់គេចខ្លួនបាត់! កាលពីព្រឹកថ្ងៃទី១០ មករា ២០២០នេះ។

Posted by Fast News on Thursday, January 9, 2020

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds