លោកស្រី បាន ស្រីមុំ ត្រូវបានអង្គសន្និបាតបោះឆ្នោតគាំទ្រ ឲ្យបន្តដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អាណត្តិទី៥ បន្តទៀត
(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នាសាលប្រជុំរោងកុនខេត្ត មានរៀបចំសន្និបាតអាណត្តិទី៤(២០១៤-២០១៩) និងបន្តបោះឆ្នោតជ្រើសរើសគណៈកម្មាធិការ អាណត្តិទី៥(២០១៩-២០២៥) ស្ថិតក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម ពីលោកជំទាវ បាន ស្រីមុំ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន អាណត្តិទី៤ និងជាប្រធានអង្គសន្និបាត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ព្រមទាំងគណៈកិត្តិយស សមាជិក សមាជិកា ពេញសិទ្ធិ មន្ត្រីបច្ចេកទេសទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធ និងសិស្សានុសិស្ស សរុបចំនួន ៣៣១នាក់ ។
មានប្រសាសន៍ក្នុងពិធីនេះដែរលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្ត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាព ជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍ នៅកម្ពុជា ក្នុងការចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
លោកស្រី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា មានប្រសាសន៍ បន្តថា៖ យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ ខ្ញុំស្រលាញ់កាកបាទក្រហមកម្ពុជា មិនមែនគ្រាន់តែស្ថិតនៅលើក្រដាសនោះទេ ប៉ុន្តែត្រូវធ្វើ ឲ្យចេញ ជាសកម្មភាពជាក់ស្ដែង ហើយក្លាយ ទៅជាចលនាជាតិ តាំងពីថ្នាក់កំពូល រហូតដល់ប្រជាជនធម្មតា រាប់ទាំងប្រជាជន ដែលត្រូវការជំនួយសង្គ្រោះ និងប្រជាជន ដែលចូលរួម ក្នុងសកម្មភាពមនុស្សធម៌ ដែលប្រធានបទមួយនេះ អាចបង្កើតបាន នូវសុខដុមរមនា និងគ្នា រវាងអ្នក ដែលមានលទ្ធភាព និងអ្នក ដែលគ្មានលទ្ធភាព ដើម្បីឆ្លើយតប នឹងតម្រូវការ របស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានេះលោកស្រី ពុំ ចន្ទីនី ក៍បានសំណូមពរ ដល់ គណៈកិត្តិយសសាខា អនុសាខា កាកបាទក្រហមខេត្តប៉ៃលិន ដែលជាអ្នកសម្របសម្រួល ទ្រទ្រង់ជួយកៀរគរ រកមូលនិធិ ដើម្បីសាខា អនុសាខា មានលទ្ធភាពបំពេញតម្រូវការ សម្រេចបាន នូវសកម្មភាពមនុស្សធម៌របស់ខ្លួនផងដែរ និងជាចុងបញ្ចប់ នៃអង្គសន្និបាត លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ តំណាងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៍បានប្រកាសទទួលស្គាល់ គណៈកម្មកាធិការសាខា អាណត្តីទី៥ និងផ្តាំផ្ញើ អោយថ្នាក់ដឹកនាំក្នុងសាខា និងអនុសាខាទាំងអស់ យកចិត្តទុកាដាក់បំពេញការងារមនុស្សធម៌ អោយទទួលបាន ជោគជ័យល្អប្រសើរជាបន្តទៀត ៕