មន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន៖ តម្លៃប្រេងសាំង តាមស្ថានីយ៍និងដេប៉ូលក់ចែកចាយ ចំនួន៦ ក្នុងក្រុងប៉ៃលិន មិនមានស្ថានីយ៍ណាមួយលក់លើសចំនួន ដែលក្រសួងពាណិជ្ជកម្មបានកំណត់នោះទេ!
(ប៉ៃលិន)៖ លោក សោម ស៊ីម៉ន អនុប្រធានការិយាល័យកាំកុងត្រូលខេត្តប៉ៃលិន មានប្រសាសន៍ដូច្នេះ ខណៈពេលដែលលោក
បានដឹកនាំមន្ត្រីសាខាកាំកុងត្រូលខេត្តប៉ៃលិន សហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យតម្លៃប្រេងសាំង តាមបណ្តាស្ថានីយ ដេប៉ូលក់ចែកចាយប្រេងឥន្ធនៈចំនួន០៦ទីតាំង ក្នុងក្រុងប៉ៃលិន នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ តាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងស្របពេល ដែលតម្លៃប្រេងសាំង លើពិភពលោកបានឡើងថ្លៃនោះ ។
លោកបានឲ្យដឹងថា តម្លៃប្រេងឥន្ធនៈលក់រាយនៅក្នុងប្រទេសកម្ពុជា ត្រូវបានក្រសួងពាណិជ្ជកម្មកំណត់ក្នុងរយៈពេល១៥ថ្ងៃម្តង ហេតុនេះ ម្ចាស់ស្ថានីយ នឹងមិនអាចដំឡើងថ្លៃ បានស្រេចតែចិត្តនោះទេ ព្រោះការលក់រាយប្រេងឥន្ធនៈ ត្រូវតែស្ថិតក្រោមការកំណត់តម្លៃ របស់ក្រសួង ហើយក្រសួងក៏បានតាមដានច្បាស់លាស់ដែរ។
ប្រសិនជាក្នុងករណី ដែលម្ចាស់ស្ថានីយប្រេងឥន្ធនៈ ឆ្លៀតឱកាសដំឡើងថ្លៃប្រេង នៅក្នុងអំឡុងនាពេលនេះ ក្រសួងនឹងចុះធ្វើការណែនាំជាមុនសិន ហើយក្នុងករណីមិនរាងចាល ក្រសងនឹងចាត់វិធានការដាក់ពិន័យទៅច្បាប់ដែលបានកំណត់។
លោកក៍បានបន្តទៀតថា បើទោះបីជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់ ក៍មិនបានជះឥទ្ធិពល ធ្វើឲ្យតម្លៃប្រេង នៅកម្ពុជាឡើងថ្លៃនោះទេ បើទោះបីជាកម្ពុជានាំចូលប្រេង ពីក្រៅប្រទេសក្តី។
ជាក់ស្តែងនៅថ្ងៃនេះ តាមស្ថានីយ៍ប្រេង ទូទាំងក្រុងប៉ៃលិន ខេត្តប៉ៃលិន គឺមិនមានឡើងតម្លៃនោះទេ គឺមានស្ថានីយ៍ខ្លះ គាត់លក់ចេញក្រោមតម្លៃ ដែលក្រសួងដាក់ចេញទៀតផង ។
លោកក៍ បានបញ្ជាក់ដែរថា យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា តម្លៃប្រេងឥន្ធនៈលក់រាយ ពីថ្ងៃទី១ ដល់ថ្ងៃទី១៥មករា ឆ្នាំ២០២០ នេះមានតម្លៃ៣៧៥០រៀល ចំពោះប្រេងធម្មតា និង៤១៥០រៀល សម្រាប់ប្រេងស៊ុបពែរ។
លោក ក៍បានណែនាំឲ្យម្ចាស់ស្ថានីយ៍ប្រេងទាំងអស់ ដែលមិនទាន់ លើកស្លាក់តម្លៃ សូមមេត្តារៀបចំធ្វើ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ចូលមកទិញ ដឹងពីតម្លៃប្រេង មុនពេលពួកគាត់ចូលចាក់ផងដែរ ៕
ដោយ៖ សេង សុវណ្ណារិទ្ធ