រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ថាពាក្យពេជន៍អាសអាភាស និងប៉ះពាល់មួយចំនួន ត្រូវបានហាមឃាត់មិនឲ្យប្រើ នៅលើលេខ ពិសេសរថយន្ត
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ស្លាក លេខពិសេស ដែលប្រជាពលរដ្ឋអាចកំណត់ដោយខ្លួនឯងបានជាអក្សរ ឬជាលេខ បាន ប៉ុន្តែ ហាមដាច់ខាតប្រើពាក្យអាសអាភាស ប៉ះពាល់ដល់សាសនា ព្រះមហាក្សត្រ បក្សនយោបាយ ឬរាជរដ្ឋាភិបាល ។
លោកបានថ្លែងបែបនេះ នៅក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ចីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត នៅផ្សារទំនើប អ៊ីអនម៉ល២ សែនសុខ នាថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០។
លោក ស៊ុន ចាន់ថុល បានថ្លែងថា៖ ពាក្យពេជន៍មួយចំនួន យើងខ្ញុំត្រូវដាក់ហាមឃាត់មិនឲ្យប្រើទេ ឧទាហរណ៍ពាក្យអាសអាភាស (SEX) មិនអនុញ្ញាត គ្រាន់តែពាក្យអាសអាភាសនេះ វាមានរាប់ពាន់រាប់ម៉ឺន អញ្ចឹងប្រព័ន្ធយើងសង្ឃឹមថាក្រិតយកទាំងអស់ មិនតែក្រិតមិនបានអស់ទេច្រើនណាស់ ហើយពាក្យពេជន៍ទាំងអស់យើងយកមកពីវេចនានុក្រម OXfert …ពាក្យខ្លះយើងមិនអនុញ្ញាតទៀត ដូចជាអង្គរវត្ត ឈ្មោះថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ព្រះមហាក្សត្រ រាជវង្សានុវង្ស ក៏ត្រូវ ហាមឃាត់មិនអនុញ្ញាតទេ។ ប៉ុន្តែយើងក្តាប់មិនជាប់ទេ វាអាចរបូតមួយពីរដែរ»។
សូមបញ្ជាក់ថា គោលបំណង នៃការដាក់ឲ្យដំណើរការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្ដ គឺដើម្បីផ្តល់ជម្រើសដល់ ប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាច ជ្រើសរើសផ្លាកលេខ ដែលមានលក្ខណៈពិសេស អាចកម្ម៉ង់តាមការពេញចិត្ត ព្រមទាំងជួយសម្រួលដល់នីតិវិធី នៃការប្រមូលពន្ធថែមទៀតផង។ ស្លាកលេខយានយន្តពិសេសនេះ ត្រូវសរសេរអក្សរខ្មែរបញ្ជាក់ថា «កម្ពុជា» ពីខាងលើហើយផ្នែកកណ្តាលជាលេខចុះបញ្ជីមានលេខ ឬ/និងអក្សរឡាតាំង មិនលើសពី៨ខ្ទង់ និងផ្នែកខាងក្រោមសរសេរអក្សរឡាតាំង «CAMBODIA» នៅពីក្រោមបន្ទាប់ផ្តេក។
លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ត្រូវបង់កម្រៃសេវាសាធារណៈ តាមការកំណត់ក្នុងប្រកាសអន្តរក្រសួង របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឬតាមលទ្ធផលនៃការលក់ ឬដេញថ្លៃជាសាធារណៈ។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចធ្វើការជ្រើសរើសផ្លាកលេខរថយន្ត ដែលខ្លួនស្រឡាញ់ តាមរយៈការដាក់ ពាក្យស្នើសុំទិញ ឬការដាក់ដេញថ្លៃក្នុង ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត ដែលមានអាសយដ្ឋាន vehicle.mpwt.gov.kh ដោយគ្រាន់តែប្រើប្រាស់គណនីដែលខ្លួនមាន ឬតម្កល់ប្រាក់ ជាមួយនឹងដៃគូគ្រឹះ ស្ថានហិរញ្ញវត្ថុ ដែលបានសហការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបង្កលក្ខណៈ ងាយស្រួលតម្លាភាព ទំនុកចិត្ត លឿនរហ័ស និងសុវត្ថិភាពខ្ពស់៕