សម្តេចតេជោ ហ៊ុន សែន ព្រមានសង្វៀនប្រដាល់ខ្លះរឿងកាត់ក្តីមិនសមហេតុផល
ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៩ ម៉ោង10:08AM
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងធ្ងន់ៗអំពីក្រមសីលធម៌របស់អាជ្ញាកណ្តាល និងចៅក្រមនៃការប្រកួតកីឡានានា ជាពិសេសកីឡាបាល់ទាត់ និងកីឡាប្រដាល់គុនខ្មែរ។
ថ្លែងទៅកាន់កីឡាករ កីឡាការិនី ចៅក្រម អាជ្ញាកណ្តាល និងមន្ត្រីកីឡានានានៃពិធីពិសាអាហារសាមគ្គីក្នុងមហាគ្រួសារកីឡាកម្ពុជាកាលពីល្ងាចមិញនៅកោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់វិស័យកីឡាឲ្យយកចិត្តទុកដាក់ និងបណ្តុះបណ្តាលអំពីចៅក្រម អាជ្ញាកណ្តាលប្រកបដោយក្រមសីលធម៌ខ្ពស់ក្នុងការដាក់ពិន្ទុឲ្យមានភាពសុក្រឹតដើម្បីកុំឲ្យបំបាក់ទឹកចិត្តកីឡាករ កីឡាការិនី និងកិត្តិយសជាតិខ្មែរ។
សម្តេចតេជោបានលើកឡើងថា ជាពិសេសអាជ្ញាកណ្តាលសម្រាប់កីឡាប្រដាល់ និងកីឡាបាល់ទាត់ដែលកីឡាទាំងពីរប្រភេទនេះច្រើនតែកើតមានបញ្ហាពាក់ព័ន្ធនឹងអាជ្ញាកណ្តាលចៅក្រម។ សម្តេចសង្កត់ថា ៖«ខ្ញុំសុំនិយាយដោយត្រង់ ដោយខ្ញុំមិនបញ្ចេញឈ្មោះ នៅស្ថានីយទូរទស្សន៍ខ្លះ ខ្ញុំបានមើលផ្ទាល់នៃការប្រកួតទាំងនោះ។ ខ្ញុំមិនយល់ទេថា ហេតុអ្វីទៅបានជាការប្រកួតខ្លះ សូម្បីកីឡាកន្លែងខ្លះ បើសិនខ្មែរវ៉ៃបរទេសមិនដួលទេ បានសេចក្ដីថា ខ្មែរចាញ់ជារៀងរហូត។ នេះជារឿងពិតដែលខ្ញុំមិនចង្អុលបង្ហាញថា ទូរទស្សន៍មួយណាទេ ក៏ប៉ុន្តែបើសិនកន្លែងនោះ មិនមិនធ្វើការកែប្រែទេ ថ្ងៃក្រោយខ្ញុំនឹងចង្អុលចំឈ្មោះ ខ្ញុំនឹងឲ្យ Replay ឡើងវិញ»។
នៅក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានលើកករណីជាក់ស្តែងរវាងកីឡាករ កែវ រំចង់ និង ឡុង សុវណ្ណឌឿន កាលពីប៉ុន្មានឆ្នាំមុនដែលត្រូវបានរៀបចំឲ្យមានការប្រកួតឡើងវិញ។ សម្តេចលើកចំឈ្មោះទូរទស្សន៍បាយ័នដោយសារជាទូរទស្សន៍កូនស្រីរបស់សម្តេច។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា សម្រាប់ទូរទស្សន៍ដែលសម្តេចមិនបានលើកចំឈ្មោះ សូម្បីកុំភ្លេចថា សម្តេចតាមដានរៀងរាល់ការប្រកួត ហើយភរិយារបស់សម្តេចបានឧបត្ថម្ភជាច្រើនមកហើយសម្រាប់កីឡាករប្រដាល់កម្ពុជា រាប់ទាំងកីឡាករប្រដាល់ដែលចាញ់ដោយអយុត្តិធម៌ផងដែរ។
«ខ្ញុំសូមដាស់តឿនចំពោះអាជ្ញាកណ្តាល នៃការប្រកួតដែលផ្សាយផ្ទាល់ សូមកុំភ្លេចថា មានពេលខ្លះ ខ្ញុំត្រូវថតទុកតែម្តង ដើម្បីខ្ញុំរងចាំមើល ព្រោះបើសិនជាវ៉ៃកីឡាករបរទេសមិនដួលទេ គឺបានសេចក្តីថា ត្រូវចាញ់គេស្វ័យប្រវត្តិតែម្តង។ ខ្ញុំមិនដឹងថា លក្ខណនៃការប្រកួតនោះបែបណាទេ។ សូមយកចិត្តទុកដាក់មែន។ អីចឹងសុំឲ្យប្រធានសហព័ន្ធកីឡាប្រដាល់យកចិត្តទុកដាក់ទៅលើបញ្ហាបណ្តុះបណ្តាលអាជ្ញាកណ្តាល និងក្រមសីលធម៌នៃអាជ្ញាកណ្តាល។ ប្រសិនបើមិនធ្វើការកែប្រែទេ ខ្ញុំនឹងចេញមុខ ដោះស្រាយជូនកីឡាកររបស់យើង ព្រោះពួកគេរងនូវអំពើអយុត្តិធម៌»។
សម្តេចតេជោបន្ថែមថា ៖«មានកន្លែងខ្លះ ប្រសិនបើកីឡាករបរទេសវ៉ៃកីឡាករខ្មែរមិនដួលទេ ក៏កីឡាករបរទេសនោះចាញ់ដោយស្វ័យប្រវត្តិដែរ។ នេះជារឿងអយុត្តិធម៌សម្រាប់កីឡាករ។ ខ្ញុំមិនកាន់ជើងបរទេស ហើយក៏មិនកាន់ជើងខ្មែរ។ ទូរទស្សន៍ខ្លះ កីឡាករខ្មែរវ៉ៃកីឡាករបរទេសឲ្យដួល ទើបបានឲ្យកីឡាករខ្មែរឈ្នះ ហើយទូរទស្សន៍ខ្លះ ទាល់តែកីឡាករបរទេសខ្លះវ៉ៃកីឡាករខ្មែរឲ្យដួលទើបឲ្យកីឡាករបរទេសឈ្នះ»។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីមួយរយៈពេលចុងក្រោយនេះមានបញ្ហាអសកម្មនៅតាមសង្វៀនប្រដាល់មួយចំនួនដែលពេលខ្លះហាក់លំអៀងទៅខាងកីឡាករខ្មែរ ហើយពេលខ្លះហាក់លំអៀងទៅកីឡាករបរទេសដែលធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃ៕
អត្ថបទ ៖ ពេជ្រ គឹមស្រ៊ិន