កម្ពុជានឹងទិញអគ្គិសនី ២៤០០មេហ្គាវ៉ាត់រយៈពេល៣០ឆ្នាំពីឡាវដើម្បីបំពេញតម្រូវការរោងចក្រក្នុងស្រុក
(ភ្នំពេញ)៖រាជរដ្ឋាភិបាលកម្ពុជាគ្រោងទិញអគ្គីសនីដើរដោយធ្យូងថ្មពីប្រទេសឡាវចំនួន២ពាន់៤រយមេហ្គាវ៉ាត់ក្នុងរយៈពេល៣០ឆ្នាំដើម្បីបំពេញតម្រូវប្រើប្រាស់អគ្គីសនី និងដោយសារសេដ្ឋកិច្ចជាតិមានការរីកចំរើន ពីមួយឆ្នាំទៅមួយឆ្នាំ។
លោក ម៉ម ប៉ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានមានប្រសាសន៍កាលព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ថា ការទិញអគ្គីសនីពីប្រទេសឡាវនេះ ឆ្លើយតបទៅនឹងការរីកចំរើននៃប្រទេសកម្ពុជាលើគ្រប់វិស័យជាពិសេសផ្នែករោងចក្រ សហគ្រាសធនតូច មធ្យម និងធនធំជាច្រើននៅទូទាំងប្រទេស និងតម្រូវការប្រជាពលរដ្ឋតាមគេហដ្ឋានផងដែរ។
សូមជំរាបថា នៅថ្ងៃទី៣ ខែមករា ២០២០ នេះ ព្រឹទ្ធសភានឹងបើកសម័យប្រជុំពេញអង្គដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទៅក្រុមហ៊ុនរបស់ប្រទេសឡាវទាំងពីនេះ ដើម្បីផ្តល់ទំនុកចិត្តក្នុងការសាងសង់រោងចក្រផលិតអគ្គីសនីដើរដោយធ្យូងថ្មរសម្រាប់លក់ឱ្យកម្ពុជានេះ។
កិច្ចព្រមព្រៀងទិញអគ្គីសនីនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងភាគីឡាវបានឯកភាពគ្នារួចហើយ ។ ចំពោះពេលវេលាជាក់ស្តែងគឺរង់ចាំតែច្បាប់ធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទៅក្រុមហ៊ុនប្រទេសឡាវ និងការសាងអនុស្ថានីយ៍តបណ្តាញចូលមកកម្ពុជាតែប៉ុណ្ណោះ៕