ឆ្នាំនេះ ចំនួនភ្ញៀវទេសចរដែលមកកក់បន្ទប់ស្នាក់នៅសម្រាប់បុណ្យឆ្លងឆ្នាំសាកលនៅខេត្តសៀមរាប មានចំនួនតិចជាងឆ្នាំមុន
(សៀមរាប)៖ បើតាមការស្ទង់មតិពីបណ្ដាម្ចាស់សណ្ឋាគារនានា ដែលជាសមាជិកសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាបគិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ចំនួនភ្ញៀវទេសចរមកក់បន្ទប់ស្នាក់នៅសម្រាប់បុណ្យឆ្លងឆ្នាំសាកលនៅខេត្តសៀមរាបមានចំនួនតិចជាងឆ្នាំមុន។
ជាមួយគ្នានេះប្រភពដដែលបានបង្ហាញថាបើធៀបទៅនឹងឆ្នាំមុននៅក្នុងរយៈពេលដូចគ្នានេះ មានសណ្ឋាគារជាច្រើនត្រូវបានកក់ពេញៗអស់ ប៉ុន្តែឆ្នាំនេះមិនទាន់មានសណ្ឋាគារណាមួយលក់បន្ទប់អស់នៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដីខាងក្លឹបទេសចរណ៍មិនទាន់ច្បាស់ថា ស្ថានភាពភ្ញៀវទេសចរចូលកម្សាន្តនៅក្នុងខេត្តសៀមរាបក្នុងពិធីបុណ្យឆ្លងឆ្នាំសាកល ២០១៩ ចូល ២០២០ តិច ឬ ច្រើននោះទេ ព្រោះភ្ញៀវទេសចរអាចសម្រុកចូលមកនៅថ្ងៃទី៣០ និងថ្ងៃទី៣១ នេះច្រើនក៏ថាបាន។
យ៉ាងណាមិញប្រធានសមាគមន៍ក្លឹបទេសចរណ៍ខេត្តសៀមរាប បានអំពាវនាវឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋខ្មែរដែលចង់មកកម្សាន្តសប្បាយនៅក្នុងឱកាសបុណ្យឆ្លង ឆ្នាំសកលនៅខេត្តសៀមរាប សូម អញ្ជើញ មក ដោយ សេចក្តីរីករាយ ព្រោះមិនខ្វះបន្ទប់ស្នាក់នោះទេ ចំណែកតម្លៃស្នាក់ក៏គ្មានការ ឡើងថ្លៃដែរ៕