ស្ទះចរាចរណ៍ជិតកន្លះម៉ោង ករណីរថយន្តបុកគ្នាលើស្ពានកោះកុង
(កោះកុង)៖ បុរសម្នាក់ជាមេបញ្ជារាជអាវុធហត្តនៅស្រុកកោះកុង បានបើករថយន្តវ៉ាជែងគ្រាបាក់កង់មុខខាងឆ្វេងបណ្តាលជ្រុលទៅរថយន្តបែនដឹកដីគ្រឿងធ្វើដំណើរច្រាសទិសគ្នា បង្កឱ្យកកស្ទះចរាចរណ៍ជិតកន្លះម៉ោងនៅលើស្ពានកោះកុង។
ជនបង្កគ្រោះចរាចរណ៍ខាងលើមានឈ្មោះ មុខ កុសល ជាមេបញ្ជាការកងរាជអាវុធស្រុកកោះកុង ធ្វើដំណើរពីទីរួមខេត្តឡើងទៅស្រុកមណ្ឌលសីមា ដែលគ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។
តាមសម្តីជនបង្ក មុត កុសល រូបលោកបានបើករថយន្តរបស់ខ្លួនម៉ាកតាកូម៉ា ពាក់ស្លាកលេខ ភ្នំពេញ៖ 2AZ-9133 វ៉ាជែងជាមួយរថយន្ត១គ្រឿងម៉ាក High lander កំពុងធ្វើដំណើរស្របទិសគ្នា តែជា គ្រោះអាក្រក់នៅពេលវ៉ាជែងនោះ ស្រាប់តែកង់រថយន្តមុខខាងឆ្វេងបែក ទើបបង្ខំចិត្តរ៉េចង្កូតបុករថយន្តដឹកដីតែម្តង ក្រោមហេតុផលថា ដើម្បីកុំឱ្យបន្តជ្រុលបុកបង្កាន់ដៃស្ពានធ្លាក់ទឹក។ បែបនេះក្តី ករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបានបង្កឱ្យភាគីជនបង្ក និងជនរងគ្រោះថ្នាក់ធ្ងន់ធ្ងរអ្វីទេ ពោលគឺគ្រាន់តែក្បាលស្រាលបន្តិចប៉ុណ្ណោះ។ ហើយបង្កឱ្យកកស្ទះចរាចរណ៍ជិតកន្លះម៉ោង ទើបសម្រួលបាន។
រីឯលោក ញ៉ែម ភៀស ជនរងគ្រោះ និងជាម្ចាស់រថយន្តដឹកដី ចង្កូតស្តាំ ម៉ាកUD គ្មានស្លាកលេខ រស់នៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ប្រាប់ថា លោកពិតជាមានការភិតភ័យពេលជួបគ្រោះថ្នាក់បែបនេះ ស្របពេលមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រូបនេះ គឺមិនចង់វែងឆ្ងាយទេ ព្រោះតែជនបង្កទទួលស្គាល់កំហុស ដោយទទួលយកសំណើសម្របសម្រួលទូទាត់ជួសជុលសងរថយន្តការខូចខាតឡើងវិញនៅយានយន្ត។
ទោះយ៉ាងណា លោក ជុន គា អធិការរងនគរបាលក្រុងខេមរភូមិន្ទ ទទួលបន្ទុកផ្នែកចរាចរណ៍ និយាយបែបលាក់លៀម ដោយគ្រានតែឈ្មោះជនបង្កសិកមិនហ៊ានផងថា ជនបង្កមិនមានសារធាតុសេពគ្រឿងស្រវឹងអ្វីទេ អំឡុងពេលបើកបរ។ ត្បិតជនបង្ក និងជនរងគ្រោះសម្រេចសម្របសម្រួល ដើម្បីជួសជុលរថយន្តក្រៅផ្លូវការក៏ដោយ ក៏លោកត្រូវតែយករថយន្តទាំងពីរខាងទៅអធិការដ្ឋានកសាងសំណុំរឿងរក្សាតាមច្បាប់ជាមុនសិន៕