អជ្ញាធរ ថា លោកផ្កាយ២ ទុន ដៀត ពិតជាបានលួចចាក់ដី និងបូមខ្សាច់​ចូលដៃសមុទ្រព្រែកកោះប៉ោពិតប្រាកដមែន ដោយរំលោភច្បាប់ភូមិបាល

 

មន្រ្តីជាន់ខ្ពស់ក្រសួងដែនដី ព្រះរាជអាជ្ញា និងអភិបាលរងខេត្តកោះកុង រកឃើញថា លោកផ្កាយ២ ទុន ដៀត ពិតជាបានលួចចាក់ដី និងបូមខ្សាច់​ចូលដៃសមុទ្រព្រែកកោះប៉ោពិតប្រាកដមែន ដោយរំលោភច្បាប់ភូមិបាល គ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

យោងតាមកំណត់ហេតុលទ្ធផលអង្កេតចុះហត្ថលេខាដោយលោក រស់ សារាំ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី អភិបាលរងខេត្ត និងប្រធានមន្ទីរជំនាញផ្សេងទៀតមិនតិចជាង១៧នាក់នោះទេ ចុះហត្ថលេខារួមគ្នាកាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។

ក្រុមការងារថ្នាក់ជាតិ និងក្រោមថ្នាក់ជាតិ បានសម្រេចឱ្យលោក ទុន ដៀត តួនាទីជានាយករងទីចាត់ការទំនាក់ទំនងកាងារព្រំដែននៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទជីកកាយអាចម៍ដី កម្ទេចថ្ម ខ្សាច់ និងរុះរើផែឈើ​ចេញពីមាត់ព្រែកកោះប៉ោឱ្យដូចភាពដើមពីមុនឡើង។ លើសពីនេះទៀត ក្រុមការងារ ក៏បានផ្អាកគ្រប់សកម្មភាពទាំងឡាយជា​បណ្តោះអាសន្នរង់ចាំការសម្រេចបន្តបន្ទាប់ពីតុលាការ រីឯលោក ទុន ដៀត ដែលរងការចោទប្រកាន់វិញ គឺស្ថិតនៅចាត់ការអនុវត្តន៍តាមនីតិវិធិច្បាប់​ជាធរមានផងដែរ។

បើតាមព្រះរាជអាជ្ញាខេត្តកោះកុង គូសបញ្ជាក់ថា លោកមិនដាក់​កំហិតលើការជីកកាយអាចម៍ដី ថ្ម និងខ្សាច់ ដែលចាក់ហៀរចូលឆ្នេរសមុទ្រ​នោះទេ ដោយតម្រូវឱ្យលោក ទុន ដៀត អនុវត្តទៅតាមការជាក់ស្តែង ក្រោមការដាក់កម្លាំងសមត្ថកិច្ចតាមដានពិនិត្យបន្ត លុះត្រាតែកាយអាចម៍ដី ថ្ម និងខ្សាច់ឲ្យអស់។

តាមគំនូសបង្ហាញទីតាំងចាក់ដីលុបមាត់ព្រែកបោះប៉ោរបស់លោក ទុន ដៀត តំណាងការិយាល័យរៀបចំដែនដីក្រុងខេមរភូមិន្ទ ឱ្យដឹងកាលពីរសៀលថ្ងៃទី២៣ ខែធ្នូថា លោក ទុន ដៀត បានបូមខ្សាច់ជាប់នឹងស្ពានឈើខាងលិចប្រវែង​២៥ម៉ែត្រ ខាងកើតប្រវែង ២៥ម៉ែត្រ ខាងជើង៣ម៉ែត្រ និងខាងត្បូងប្រវែង​៨ម៉ែត្រ។ នៅខាងឆ្វេងដៃជាប់នឹងទំនប់ស្ពានឈើមានការចាក់ដី និងថ្ម ខាងលិចប្រវែង១៨ម៉ែត្រ ខាងកើតប្រវែង ១៨ ម៉ែត្រ ខាងជើង៨ម៉ែត្រ និងខាងត្បូងប្រវែង៤ម៉ែត្រ ដីចាក់ថ្មី។

គួរកត់សម្គាល់ថា ប្រតិបត្តិការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងចាក់ដីលុប​មាត់ព្រែកកោះប៉ោ ផ្តើមឡើងចាប់ពីម៉ោង២កន្លះរសៀលដល់ម៉ោង៦កន្លះល្ងាច និងក្រោយរយៈពេល២ថ្ងៃនៃការប្រតិកម្ម និងដាក់បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។

ការលួចចាក់ដីបូមខ្សាច់នេះ ធ្វើឡើងជិត១ខែទៅហើយ ចាប់ពីចុងវិច្ឆិកា មកដល់ពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៩ គ្រានោះ លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងអាជ្ញាធររដ្ឋបាលជំនាញ ក៏ចុះពិនិត្យ និងផ្អាកសកម្មភាពម្តងរួចមកហើយដែរ និងរង់ចាំការស៊ើបអង្កេតលម្អិតបន្ត។

ដោយឡែក លោក ទុន ដៀត ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ទោម្នាក់​ប្រចាំនៅខេត្តកោះកុង បានមិនជំទាស់នឹងវិធានការរបស់អាជ្ញាធរជំនាញនោះទេ ហើយក៏ទទួលស្គាល់កំហុសតាមច្បាប់ចំពោះសកម្មភាពចាក់ដីចូលមាត់សមុទ្រ និងឯកភាពទាំងស្រុងជីកកាយអាចម៍ដី ថ្ម និងខ្សាច់ចេញពីឆ្នេរវិញ។ ចំពោះរូបលោកផ្ទាល់ នៅមិនទាន់ថាតុលាការនឹងមានចំណាត់របៀបណា​លើរូបខ្លួននោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds