អ្នកក្លាហាន ផែង វណ្ណៈ បញ្ជាក់ថាលោកមិនមែនជាជាមន្ត្រីរាជការ និងមិនមែនសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាទៀតនោះទេ គឺជារាស្ត្រធម្មតា
(ភ្នំពេញ)៖ លោក ផែង វណ្ណៈ ដែលមហាជនទូទៅតែងតែស្គាល់ថាជាអ្នកលេងបណ្ដាញ facebook ដ៏សកម្មម្នាក់ដែលបានចូលរួមចំណែកក្នុងការនិយាយ និងផ្សាយព័ត៌មានរឿងអយត្តិធម៌ផ្សេងៗនៅក្នុងសង្គមដែលអ្នកខ្លះគេហៅថា«អ្នកក្លាហាន»ទៀតផង។
កាលគេពេលថ្មីៗនេះលោក ផែង វណ្ណៈ បានប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកដោយមានភ្ជាប់ជាមួយនឹងលិខិតបញ្ចប់តួនាទីរបស់លោកចំនួនពីរសន្លឹក ដែលទីមួយទាក់ទងនឹងការបញ្ចប់ជាមន្ត្រីរាជការនៃក្រសួងមហាផ្ទៃ និងទី២បញ្ឃប់ការងារពីក្រុមការងារគណបក្សប្រជាជនកម្ពុជា។
លោកបានសរសេររៀបរាប់ថា៖ ឈប់យល់ច្រលំទៀត ខ្ញុំមិនមែនជាមន្ត្រីរាជការទេ ក្រសួងបានបណ្ដេញខ្ញុំចេញពីក្របខណ្ឌតាំងពីខែ សីហា ឆ្នាំ ២០១៩ មកម្ល៉េះ បន្ទាប់ពីខ្ញុំបានប្រព្រឹត្តខុសច្បាប់លក្ខន្តិក:ទូទៅចំពោះយោធិន នៃ កងយោធពលខេមរភូមិន្ទ និងបទវិន័យទូទៅសំរាប់កងយោធពលខេមរភូមិន្ទ ។
មួយវិញទៀត ខ្ញុំក៏មិនមែនជាសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំព្រៃឃ្នេសទៀតដែរ ព្រោះ សម្ដេចក្រឡាហោម ស ខេង បានបញ្ចេញខ្ញុំចេញពី ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រៃឃ្នេស ស្រុក មេសាង ខេត្ត ព្រៃវែង កាលពីខែ កក្កដា ឆ្នាំ ២០១៩ រួចហើយ ។
បច្ចុប្បន្នខ្ញុំជារាស្ត្រធម្មតាម្នាក់តែប៉ុណ្ណោះ មិនពាក់ព័ន្ធការងាររាជការ ឬ ពាក់ព័ន្ធគណបក្សនយោបាយណាមួយឡេីយ ។ ដូច្នេះសូមបងប្អូនឈប់យល់ច្រលំមកលេីខ្ញុំទៀត ៕