ក្រសួងដែនដី និងអាជ្ញាធរខេត្តកោះកុង មានចំណាត់ការករណីលោកផ្កាយពីរ ទុន ដៀត ចាក់ដី និងបូមខ្សាច់ចូលឆ្នេរសមុទ្រកោះប៉ោ និងបានផ្អាកគ្រប់សកម្មភាពទាំងឡាយជាបណ្តោះអាសន្ន

(កោះកុង)៖ តំណាងក្រសួងដែនដី លោកព្រះរាជអាជ្ញា អភិបាលរងខេត្ត និងមន្ទីរជំនាញខេត្តកោះកុង កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ២០១៩ បានចុះពិនិត្យវាយតម្លៃ និងមានចំណាត់ការលើឧត្តមសេនីយ៍ទោ ទុន ដៀត ករណីថាបានចាក់ដីបូមខ្សាច់ចូលមាត់ព្រែកសមុទ្រកោះប៉ោ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រតិ កម្ម បញ្ជាឱ្យពិនិត្យដោះស្រាយបន្ទាន់លើរឿងនេះ។

នៅទីបំផុតក្រសួងដែនដី តំណាងអយ្យការអមសាលាដំបូង និងអាជ្ញាធរកម្លាំងជំនាញចម្រុះនៅខេត្តកោះកុង បានរកឃើញថា លោកផ្កាយ២លើស្មា ឈ្មោះ ទុន ដៀត ពិតជាបានលួចចាក់ដី និងបូមខ្សាច់ចូលដៃសមុទ្រព្រែកកោះប៉ោពិតប្រាកដមែន ដោយរំលោភច្បាប់ភូមិន្ទបាលគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

បើយោងតាមកំណត់ហេតុលទ្ធផលអង្កេតចុះហត្ថលេខាដោយលោក រស់ សារាំ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត ឯឧ ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែន អភិបាលរងខេត្ត និងប្រធានមន្ទីរជំនាញផ្សេងទៀតមិនតិចជាង១៧នាក់នោះទេ ចុះហត្ថលេខារួមគ្នាកាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។
ក្រុមការងារថ្នាក់ជាតិ និងក្រោមថ្នាក់ជាតិ បានសម្រេចឱ្យលោក ទុន ដៀត តួនាទីជានាយករងទីចាត់ការទំនាក់ទំនងកាងារព្រំដែននៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទជីកកាយអាចម៍ដី កំទេចថ្ម ខ្សាច់ និងរុះរើផែឈើចេញពីមាត់ព្រែកកោះប៉ោឱ្យដូចភាពដើមពីមុនឡើង។ លើសពីនេះទៀត ក្រុមការងារ ក៏បានផ្អាកគ្រប់សកម្មភាពទាំងឡាយជាបណ្តោះអាសន្នរង់ចាំការសម្រេចបន្តបន្ទាប់ពីតុលា ការ រីឯលោក ទុន ដៀត ដែលរងការចោទប្រកាន់វិញ គឺស្ថិតនៅចាត់ការអនុវត្តតាមនីតិវិធិច្បាប់ជាធរមានផងដែរ។

តាមគំនូសបង្ហាញទីតាំងចាក់ដីលុបមាត់ព្រែកបោះប៉ោរបស់លោក ទុន ដៀត តំណាងការិយាល័យរៀបចំដែនដីក្រុងខេមរភូមិន្ទ ឱ្យដឹងកាលពីរសៀលថ្ងៃទី២៣ ខែធ្នូថា លោក ទុន ដៀត បានបូមខ្សាច់ជាប់នឹងស្ពានឈើខាងលិចប្រវែង២៥ម៉ែត្រ ខាងកើតប្រវែង២៥ម៉ែត្រ ខាងជើង៣ម៉ែត្រ និងខាងត្បូងប្រវែង៨ម៉ែត្រ។ នៅខាងឆ្វេងដៃជាប់នឹងទំនប់ស្ពានឈើមានការចាក់ដី និងថ្ម ខាងលិចប្រវែង១៨ម៉ែត្រ ខាងកើតប្រវែង១៨ម៉ែត្រ ខាងជើង៨ម៉ែត្រ និងខាងត្បូងប្រវែង៤ម៉ែត្រ ដីចាក់ថ្មី។

គួរកត់សម្គាល់ថា ប្រតិបត្តិការចុះត្រួតពិនិត្យ និងវាយតម្លៃទីតាំងចាក់ដីលុបមាត់ព្រែកកោះប៉ោ ផ្តើមឡើងចាប់ពីម៉ោង២កន្លះរសៀលដល់ម៉ោង៦កន្លះល្ងាច និងក្រោយរយៈពេល២ថ្ងៃនៃការប្រតិកម្ម និងដាក់បញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា។

ដោយឡែក លោក ទុន ដៀត ដែលគេស្គាល់ថាជាឧត្តមសេនីយ៍ទោ ប្រចាំនៅខេត្តកោះកុង បានមិនជំទាស់នឹងវិធានការរបស់អាជ្ញាធរជំនាញនោះទេ ហើយក៏ទទួលស្គាល់កំហុសតាមច្បាប់ចំពោះសកម្មភាពចាក់ដីចូលមាត់សមុទ្រ និងឯកភាពទាំងស្រុងជីកកាយអាចម៍ដី ថ្ម និងខ្សាច់ចេញពីឆ្នេរវិញ ។

លោក ទុន ដៀត ផ្កាយ២ រងការចោទប្រកាន់ លោក ទុន ដៀត អះអាងទៀថា កន្លងទៅ លោកទទួលបានលិខិតស្នើសុំពីអាជ្ញាធរក្រុង និងមន្ទីរជំនាញ ដើម្បីឱ្យរូបលោកផ្លាស់ប្តូរទីតាំងស្តុប និងចែកចាយខ្សាច់ស្ថិតនៅភូមិ៤ សង្កាត់ដងទង់ ទៅទីតាំងថ្មី ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានសោភ័ណ្ឌសណ្តាប់ធ្នាប់ដល់ប្រជាពលរដ្ឋទូទៅនៅក្នុងទីក្រុង។ ព្រោះតែមានការស្នើសុំយ៉ាងដូច្នេះ លោក ទុន ដៀត មិនជំទាស់អ្វីដែរដោយស្វែងរកទីតាំងថ្មីជំនួសវិញ ពោលគឺមើលឃើញទីតាំងថ្មី (ទីតាំងកើតហេតុ) ដែលជាដីកម្មសិទ្ធិរបស់លោកផ្ទាល់ស្រាប់ ស្ថិតនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ដើម្បីស្តុបទុកខ្សាច់ត្រៀមលក់ចែកចាយទៅឱ្យពលរដ្ឋជាអតិថិជនធ្វើសំណង់រស់នៅ ឬធ្វើអាជីវកម្មផ្សេងៗបន្ត។

សាធារណជនមួយចំនួនមើលឃើញហាក់ដូចជាលោកកំពុងបូមខ្សាច់ចូលសមុទ្រ តែផ្ទុយមកវិញ ម៉ាស៊ីនក្បាលបូមខ្សាច់ចេញពីទូកដឹកខ្សាច់ទំហំតូច ហើយទូកដឹកខ្សាច់មិនអាចចូលចតក្បែរច្រាំងបាន ព្រោះទឹករាក់ ទើបធ្វើឱ្យលោកបង្ខំចិត្តចាក់ថ្មគ្រួសហ៊ុជាអណ្តូង ដើម្បីតភ្ជាប់ទុយោបូមខ្សាច់ពីទូកដាក់ក្បែរមាត់ច្រាំង រួចជីកកាយយកទៅលក់បន្ត។ ដូច្នេះលោកពុំមែនបូមខ្សាច់បំពេញដីនោះទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds