ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅសម្ពោធដាក់ឲ្យប្រើផ្សារគំរូព្រំដែនកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ ដៃលមានតម្លៃប្រមាណ២លានដុល្លារ

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្សារគំរូព្រំដែនកម្ពុជា នៅខេត្តត្បូងឃ្មុំ មានតម្លៃប្រមាណ២លានដុល្លារ។

តាមការអោយដឹងពីលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានអោយដឹងថា ផ្សារគំរូព្រំដែនកម្ពុជា ស្ថិតនៅមាត់ច្រកទ្វារព្រំដែនទ្វេភាគីកម្ពុជា-វៀតណាម ក្នុងភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់នឹងព្រំដែនខេត្តតៃនិញ ប្រទេសវៀតណាម។ លោក ហាក់ សុខមករា ថ្លែងឲ្យដឹងទៀតថា ផ្សារដារនេះ ជាផ្សារគំរូព្រំដែនកម្ពុជា-វៀតណាមទី១ ដោយចាប់ផ្តើមបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ដែលនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពីការសាងសង់អស់រយ:ពេលប្រមាណ ២៣ខែ។

លោកបន្ថែមឲ្យដឹងទៀតថា ផ្សារដារ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណជិត២ហិចតា (១៩,៦២៨ម៉ែត្រការ៉េ) ដោយមានអគារផ្សារ ទំហំ១៦០០ម៉ែត្រការ៉េ ក៏ដូចជាអគាររដ្ឋបាល អគារឃ្លាំងដាក់ទំនិញ បន្ទប់ទឹក ប្រព័ន្ធលូ និងអាងស្តុកទឹកស្អាតជាដើម។

លោកអភិបាលរងខេត្ត បានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា ផ្សារដារនេះ នឹងបម្រើអត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងសម្រាប់ដាក់លក់ទំនិញ របស់ប្រជាជន នៃប្រទេសទាំងពីរ ជាពិសេស រួមចំណែកដោះស្រាយ បញ្ហាប្រឈម និងរបាំងពាណិជ្ជកម្មនានា ដែលតែងតែរាំងស្ទះ ដល់ការធ្វើចរាចរណ៍ទំនិញ និងផលិតផលនៅតាមព្រំដែនកម្ពុជា និងវៀតណាម។

ផ្សារដារនេះ ត្រូវបានអនុម័ត លើកដំបូងកាលពីឆ្នាំ២០១៣ ហើយត្រូវបានបន្តអនុវត្ត ឡើងវិញនៅឆ្នាំ២០១៦ នៅលើផ្ទែដី ១៩,៦២៨ម៉ែត្រការ៉េ ស្ថិតក្នុងតំបន់ សេដ្ឋកិច្ចពិសេស ត្បូងឃ្មុំ ជាមួយទុនវិនិយោគ សរុបចំនួន ៤៤,៧៦១,៤១១,០០០ វៀតណាមដុង ឬប្រមាណជិត ២ លានដុល្លារអាមេរិក ដែលជាជំនួយរបស់ រដ្ឋាភិបាលវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds