នៅពេលខាងមុខ កម្ពុជានឹងទទួលបានផ្លូវ និងស្ពានធ្វើដំណើរថ្មីៗបន្ថែមទៀតសម្រាប់បំពេញតម្រូវការប្រជាពលរដ្ឋ
(ភ្នំពេញ)៖ ផ្លូវជាតិ ផ្លូវដែក ផ្លូវអាកាស ស្ពានអាកាស ស្ពានឆ្លងកាត់ទន្លេជាដើមត្រូវបានរាជរដ្ឋាពិបាលយកចិត្ដដាក់ក្នុងការសាងសង់ដើម្បីពន្លឿនដល់ការអភិវឌ្ឍប្រទេស។
ខណៈនេះដែរ Fast News នឹងលើកយកគម្រោងសាងសង់ ផ្លូវជាតិ និងស្ពាន ចំនួន ៤ គម្រោងដែលរដ្ឋាភិបាលបានបង្ហើបកាលពីពេលកន្លងទៅដែលរួមមាន៖
១. ផ្លូវជាតិតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ៤៖
ក្នុងកម្មពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពតនាពេលកន្លងទៅ ដោយមានការអញ្ញើញចូលរួមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបានថ្លែងពីសក្កានុពលនៃខេត្តកំពតផងដែរ។
ជាមួយគ្នានោះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ក្រៅពីផ្លូវជាតិលេខ០៣ យើងមានផ្លូវជាតិ៤១ ដែលឆ្ពោះមកកំពត ហើយយើងកំពុងតែរៀបចំបណ្តាញផ្លូវមួយទៀត ដើម្បីតភ្ជាប់ខេត្តកំពតចេញទៅផ្លូវជាតិលេខ០៤ ដែលស្ថិតនៅម្ដុំពេជ្យនិល ក៏ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន មិនទាន់បានបញ្ជាក់នៅឡើយទេថា ផ្លូវមួយខ្សែនោះមានទីតាំងនៅកន្លែងណា ដោយផ្លូវមួយខ្សែនេះនឹងត្រូវការពិនិត្យមើលផែនទីជាមុនសិន។
២. ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ៖
ក្នុងកម្មពិធីបុណ្យទន្លេលើកទី៥ កាលពីខែមិនាកន្លងទៅ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានប្រកាសថា សាងសង់ ស្ពាន ឆ្លង ទន្លេសាប ដែលមាន ប្រវែង ៣៩០០ ម៉ែត្រ និងផ្លូវជាង ៥៧ គីឡូម៉ែត្រ ត ភ្ជាប់ ខេត្តកំពង់ឆ្នាំង និង ខេត្តកំពង់ធំ ។ ចំពោះការសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនិងផ្លូវ ដែលភ្ជាប់ពីខេត្តកំពង់ឆ្នាំងនិងខេត្តកំពង់ធំ គឺដើម្បី សម្រួល ដល់ការ ធ្វើដំណើរ ចំណេញ ពេលវេលា និង កាត់បន្ថយ ការចំណាយ របស់ ប្រជាពលរដ្ឋ។
បើតាមការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ស្ពាននេះមានប្រវែងវែងជាងគេនៅប្រទេសកម្ពុជា ដែលមានប្រវែងប្រមាណ៣៩០០ ម៉ែត្រ ឆ្លងកាត់ដៃទន្លេទាំង៣ ក្នុងខេត្តកំពង់ឆ្នាំង គឺទន្លេ ផ្សារក្រោម, ទន្លេ ជ្រោយបុស្ស និង ទន្លេកំពង់ហាវ។
៣. ស្ពានឆ្លងកាត់ទន្លេនៅខេត្ដក្រចេះ៖
ថ្លែងនៅក្នុងកម្មវិធីផ្សព្វផ្សាយកម្មវិធីទូរសព្ទដៃ ROAD CARE អំពីវឌ្ឍនភាពការងាររបស់ក្រសួង កាលពីពេលកន្លងទៅលោក សុន ចាន់ថុល ទេសរដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហើបការសាងសង់ស្ពានចំនួន១ខ្សែដែលមានទីតាំងក្នុងខេត្ដក្រចេះ ដោយនឹងត្រូវបើកការដ្ឋានសាងសង់ក្នុងពេលដ៍ខ្លីខាងមុខ ខណៈការសិក្សា និងការស្វែងរកថវិកាត្រូវបានបញ្ចប់។
លោកបានបញ្ជាក់បន្ថែមថា៖ «យើងកំពុងសិក្សាស្ពានឆ្លងកាត់ទន្លេមេគង្គពីក្រចេះ យើងកំពុងសាងសង់ស្ពាននៅស្ទឹងត្រង់ យើងត្រៀមបើការដ្ឋានស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ»។
៤. ស្ពានឆ្លងកាត់ទន្លេរបាសាក់ពីព្រែកប្រាមកកាន់ចាក់អង្រែលើ៖
នាពេលថ្មីៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហើបគម្រោងសាងសង់ស្ពានថ្មី១ទៀតឆ្លងកាត់ទន្លេបាសាក់ ដែលភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅតបន់ច្បារអំពៅ និងតំបន់ស្ពានអាកាសក្បាលថ្នល់។
ខណៈបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ ក៏បានបង្កើតក្រុមការងារមួយដើម្បីចុះសិក្សាគម្រោង និងផលប៉ះពាលដល់ទ្រព្យសម្បតិ្ដប្រជាពលរដ្ឋរួចហើយដែរ៕