ផ្ទុះការតវ៉ា ម្ចាស់ដីដែលប៉ះគម្រោងផ្លូវល្បឿនលឿន មិនពេញចិត្តចំពោះសំណង
(ភ្នំពេញ)៖ ប្រជាពលរដ្ឋម្ចាស់ដីជាង១០០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានទីតាំងស្ថិតនៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ បានបន្តប្រមូលផ្តុំគ្នាតវ៉ា និងសម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះសំណងរបស់រាជរដ្ឋាភិបាល ដែលផ្តល់ឲ្យពួកគាត់តាមរយៈអន្តរក្រសួង។
ការមិនពេញចិត្តនឹងសំណងនេះ ដោយសារដីដែលពួកគាត់ធ្លាប់ទិញកាលពីប្រមាណ២ឆ្នាំមុន ពីក្រុមហ៊ុនលក់ដីឡូតិ៍ឯកជនមួយមានតម្លៃ១២០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ខណៈមកដល់ពេលនេះដីនៅតំបន់នោះមានតម្លៃរហូតដល់ទៅ ១៧០ដល់ ១៩០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបែរជាទទួលបានសំណងត្រឹមតែ ៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េទៅវិញ។
កាលពីពេលថ្មីៗនេះ អន្តរក្រសួងដែលតំណាងរាជរដ្ឋាភិបាល រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់គម្រោងផ្លូវនេះ បានទៅប្រាប់ប្រជាពលរដ្ឋរងគ្រោះថា នឹងសងសំណងដល់ពួកគាត់ក្នុងតម្លៃ ៩៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ហើយបើមិនព្រមយកទេ ច្បាស់ជានៅបន្តអូសបន្លាយ មិនដឹងដោះស្រាយចប់ពេលណាឡើយ។ នេះបើតាមប្រជាពលរដ្ឋរងគ្រោះ។
អ្នកតវ៉ាបសុទ្ធតែបានអះអាងទៀតថា ដីពួកគាត់សុទ្ធតែមានប្លង់រឹង ពោលមិនមែនជាដីដែលទៅបំពានទីតាំងណាមួយ ដើម្បីកាន់កាប់នោះទេ ហើយលោកសង្ឃឹមថា រាជរដ្ឋាភិបាលនឹងមានសំណងសមរម្យសម្រាប់ពួកគាត់ ដែលប៉ះពាល់គម្រោងផ្លូវល្បឿនលឿននេះ ព្រោះការងាររបស់រដ្ឋធ្វើឡើងដើម្បីបម្រើរាស្ត្រ។ ប្រជាពលរដ្ឋរងគ្រោះម្នាក់ បានសាងសង់ផ្ទះទៅហើយនោះ បានបង្ហាញកង្វល់ជាខ្លាំង នៅពេលដែលលឺថា ផ្ទះរបស់ខ្លួននឹងត្រូវវាយកម្ទេចចោល ដើម្បីធ្វើផ្លូវល្បឿនលឿន ស្របពេលសំណងវិញ បែរជាមិនសមរម្យបែបនេះ។ អ្នករត់រថយន្តឈ្នួលរូបនេះ បានបង្ហើបថា ខ្លួនបានដាក់ប្លង់ដីនៅឯស្រុកកំណើត យកទៅខ្ចីលុយធនាគារ ក្នុងគោលបំណងទិញដី និងសង់ផ្ទះរស់នៅជិតៗរាជធានីភ្នំពេញ ដើម្បីងាយស្រួលក្នុងការរកទទួលទាន សម្រាប់ជីវភាពប្រចាំថ្ងៃ។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ កំពុងដំណើរការសាងសង់សម្រេចបាន ៧ភាគរយហើយ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ចិន៕