កូនប្រុសអធិការនគរបាលក្រុងបាវិត ដែលបាញ់ប្រហារស្រ្តីម្ចាស់ហាង «តន្ត្រីសំណាងដាណេ» ត្រូវបញ្ជូនទៅកាន់តុលាការនៅថ្ងៃនេះ
(ស្វាយរៀង)៖ អធិការរងនគរបាលក្រុងបាវិត ទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលបាញ់ប្រហារស្រ្តីម្ចាស់ហាង «តន្រ្តីសំណាងដាណេ» បណ្តាលឲ្យរបួសធ្ងន់ចំក្បាល នឹងត្រូវបញ្ជូនទៅកាន់ តុលាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ។
អធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា អាយុជិត៣០ឆ្នាំ ដែលជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់ កាលពីយប់មិញ បានដកកាំភ្លើងបាញ់ចំនួន ២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម។
ករណីនេះបានកើតឡើងនៅក្នុងហាងភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្រោយការបាញ់ប្រហារជនដៃដល់ កែវ ចិត្រា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ស្ត្រីរងគ្រោះមានឈ្មោះ សឿន ដាណេ វ័យ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត។
អធិការរងនគរបាលរូបនេះ ត្រូវបានគេរាយការណ៍ថា ទើបតែត្រូវបានប្រកាសឲ្យចូលកាន់តំណែងតែប៉ុន្មានថ្ងៃមកនេះទេ។ នៅអធិការដ្ឋាននគរបាលក្រុងបាវិត ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានមួយចំនួន លួចបង្ហើបថា ម្នាក់ៗមិនពេញចិត្តនឹងការដឹកនាំរបស់អធិការក្រុង កែវ គង់ នោះឡើយ ប៉ុន្តែមិនហ៊ានប្តឹងមកថ្នាក់លើចេះតែទ្រាំទៅ។
ជនសង្ស័យឈ្មោះ គង់ ចិត្រា ដែលមានតួនាទីជាអធិការរងក្រុងបាវិត ទទួលផែនគ្រឿងញៀន ជាអតីតជានគរបាលនៅក្រុងបាវិត ទើបតែប្រកាសតែងតាំងជាអធិការរងបាន ៥ទៅ ៦ថ្ងៃប៉ុណ្ណោះ។
ជនសង្ស័យនេះ ត្រូវបានអ្នកក្រុងបាវិតមួយចំនួន ស្គាល់ថា ជាមនុស្សមានចរឹកមិនល្អ និងធ្លាប់ជាក្មេងទំនើង ស្រាប់តែមានសំណាងបានធ្វើជាអធិការរងនគរបាលក្រុង ក្រោមការជួយជ្រោមជ្រែងពីឪពុក របស់ខ្លួន។
បើតាមបុគ្គលិកបម្រើការងារហាងតន្ត្រីសំណាងដាណេ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានបុរសម្នាក់ បានចូលមកក្នុងហាងនៅកញ្ចុះលេខ៦៦៦៦ ហើយកម្ម៉ង់មីស្រុះមួយចាន បន្ទាប់មកទៀតបានប្រាប់បុគ្គលិក ឲ្យហៅម្ចាស់ហាងមកជួបស្រាប់ តែបុរសនោះបានដកកាំភ្លើងបាញ់ឡើងលើមួយគ្រាប់ និងមួយគ្រាប់ទៀតបាញ់តម្រង់ក្បាលស្ត្រីរងគ្រោះតែម្តង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិ និងភ្ញៀវជួយលើកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្រហាររួច បុរសដែលឃាតក បានដើរចេញពីហាងគេចខ្លួនបាត់ តែត្រូវបានឃាត់ខ្លួននៅពេលបន្ទាប់មក៕