សមត្ថកិច្ចចុះចាប់បាន៤នាក់មាន ជនជាតិវៀតណាម និងខ្មែរនាំគ្នាលួចខួងរ៉ែក្នុងព្រៃគ្មានច្បាប់អនុញ្ញាត

(សៀមរាប)៖ សកម្មភាពលួចខួងរករ៉ែក្រោមដីរបស់ ជនជនជាតិវៀតណាម៣នាក់និងខ្មែរម្នាក់ត្រូវបានក្រុមសមត្ថកិច្ចចម្រុះស្រុកស្វាយលើចុះឃាត់ខ្លួនករណីលួចចូលទៅខួងយករ៉ែក្រោមដីមានតម្លៃក្នុងតំបន់ព្រៃពូជឈើធ្នង់ ទីស្ងាត់មួយកន្លែង ដោយបានបោះជំរំទីតាំងខួងបានប្រហែល១សប្ដាហ៍ហើយនោះត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់ទើបសហការចុះទៅឃាត់ខ្លួនទាន់ពេលវេលាកាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩នៅចំណុចភ្នំ១០០ ក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

លោកម៉ែន វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ បានឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោក សាត ពៅ អភិបាលរងស្រុកស្វាយលើ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងអធិការដ្ឋាននគបាលស្រុកស្វាយលើ បានធ្វើការចុះចាប់ឃាត់ម៉ាស៊ីនខួងរ៉ែចំនួន២គ្រឿង និងសម្ភារ:ផ្សេងៗមួយចំនួនទៀតដែលបានចូលខួងរករ៉ែនៅចំណុចភ្នំ១០០ក្នុងភូមិពពេល ឃុំតាសៀម ស្រុកស្វាយលើ និងបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់៖ទី១ ឈ្មោះ វៀង ឌឹកវិន ភេទប្រុសអាយុ២៧ឆ្នាំជនជាតិវៀតណាម ។២ ឈ្មោះ តឹង វឹងងី ភេទប្រុសអាយុ៥៤ឆ្នាំជនជាតិវៀតណាម។ទិ៣ ឈ្មោះ តឹង វឹងដាក ភេទប្រុសអាយុ២០ឆ្នាំជនជាតិវៀតណាម និងទី៤ ឈ្មោះ ទឹង សិត ភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ។

លោកបន្តថា ជនសង្ស័យបានសារភាពថា ពួកគេមកលួចធ្វើសកម្មភាព ជិត១សប្តាហ៍មកហើយ ដោយខួងបានចំនួន២អណ្តូងក្នុងជម្រៅជិត៥០ម៉ែត្រ ។ រ៉ែទាំងនេះជាប្រភេទរ៉ែដែក និងរ៉ែស្ពាន់។ ពួកគេបានមកលួចខួង ដោយមិនមានច្បាប់ទម្លាប់នោះទេ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅសាលាស្រុកស្វាយលើ រីឯជនសង្ស័យទាំង៤នាក់ត្រូវបានបញ្ជូនខ្លួនមកកាន់តុលាការនារសៀលថ្ងៃទី២០ខែធ្នូនេះ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

សូមបញ្ជាក់ថា កាលពីដើមខែធ្នូនេះសមត្ថកិច្ចចម្រុះខេត្តកំពង់ស្ពឺធ្លាប់បានចុះទៅបង្ក្រាបចាប់ខ្លួនជនសង្ស័យលើករណីលួចចូលខួងរ៉ែក្រោមដីខុសច្បាប់របស់ជនជាតិវៀតណាមនិងខ្មែរដូចៗគ្នានេះដែរ បានមួយលើកហើយស្រាប់តែនៅពេលនេះបែរជាគេឃើញក្រុមស្រដៀងគ្នានេះទៅធ្វើសកម្មភាពនៅខេត្តសៀមរាបទៀត បើតាមដឹងពួកនេះគឺជាក្រុមតែមួយប៉ុណ្ណោះ នេះសំណាងហើយដែលសមត្ថកិច្ចទប់ស្កាត់ទាន់ពេលវេលាកុំអីអស់ទៀត ។ គេមើលឃើញថាក្រុមនេះនៅតែមានមហិច្ចតាចង់បានរ៉ែក្រោមដីរបស់ខ្មែរដោយស្រេកឃ្លានបំផុត សង្ស័យក្រុមនេះមានខ្នងរឹងមាំនៅពីក្រោយទើបបានជាពួកគេហាក់មិនរៀងចាលសោះ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open