លោកនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា សន្យានឹងកាត់បន្ថយបញ្ហាខ្យល់អាក្រក់ឱ្យបាន ក្នុងរយៈពេល ១សប្តាហ៍
ប្រទេសថៃ : ខណៈដែលខ្យល់កខ្វក់នៅតែបន្តវាយប្រហារនៅភាគខាងជើងប្រទេសថៃ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា បានធ្វើដំណើរទៅខេត្តឈៀងម៉ៃកាលពីម្សិលមិញ ហើយបានសន្យាផ្តល់ជំនួយរដ្ឋាភិបាលយ៉ាងពេញទំហឹង ដើម្បីធ្វើយ៉ាងណាឱ្យដោះស្រាយវិបត្តិនេះបាន។ តំបន់នេះហាក់ដូចជាត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងនៅឆ្នាំនេះដោយសារអ័ព្ទអាក្រក់ ដែលជាគ្រោះធម្មជាតិប្រចាំឆ្នាំ បណ្តាលមកពីការឆេះព្រៃ ការដុតភ្លើងខុសច្បាប់ ក្នុងកំឡុងពេលរដូវក្តៅ។
នៅវេលាម៉ោង ២ រសៀល ថ្ងៃអង្គារ តំបន់ភាគខាងជើងជាច្រើនដូចជា៖ ខេត្តណាន ផៃយ៉ាវ ឡាំប៉ាង ឈៀងម៉ៃ ម៉ៃហុងសុង និងឈាងរ៉ៃ សុទ្ធតែរងការវាយប្រហារដោយខ្យល់អាក្រក់ ខណៈដែលខ្យល់អាក្រក់ខ្លាំងបំផុតបានវាប្រហារតំបន់ជិតព្រំដែនភូមា គឺខេត្ត ម៉ៃហុងសុង ដែលវាឡើងខ្ពស់រហូតដល់ ២៥៦ មីក្រូក្រាម/ម៉ែត្រគូប ខណៈលោក ប្រាយុទ្ធ ចាន់អូចា បានសន្យាថា នឹងដោះស្រាយឱ្យបានក្នុងរយៈពេល ៧ថ្ងៃ៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ