Update: ចៅកែស្ថានីយ៍ប្រេង PTT ក្បែររង្វង់មូលគួស្រូវ និងគ្រូបង្រៀនដែលជាជនរងគ្រោះ កំពុងស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការ
(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោងជាង ៤រសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ លោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ និងជនរងគ្រោះជាគ្រូបង្រៀន ឈ្មោះ អ៉ឹម សិរីរដ្ឋ កំពុងស្ថិតក្រោមការសួរនាំរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
គួរជម្រាបថា កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជូនលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ ទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការសួរនាំនៅអធិការដ្ឋានខណ្ឌ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ ហើយត្រូវបានចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គម Facebook។
ថៅកែស្ថានីយ៍ប្រេង PTT ឈ្មោះ សារុន វិធុរ៉ាក់ ជាកូនរបស់លោក ចាន់ សារុន តំណាងរាស្ដ្រមណ្ឌលតាកែវ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅរសៀលនេះ តាមដីកាចាត់តាំងតំណាងអយ្យការរបស់លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើហិង្សានេះ។ ដោយឡែក គ្រូបង្រៀនដែលជាជនរងគ្រោះនោះ ក៏ត្រូវបានតំណាងអយ្យការ ចេញដីកាកោះហៅឲ្យខ្លួនដូចគ្នា ដើម្បីមកតុលាការធ្វើការសួរនាំតាមច្បាប់៕