នាយក្រូច ចេញវីដេអូបញ្ជាក់ថាករណី នាយចឺម ត្រូវគេវាយបែកក្បាលនោះគឺជារឿងពិត មិនមែនថត MV ទេ
មានករណីដ៏ភ្ញាក់ផ្អើលបានកើតឡើងកាលពីម្សិលមិញ មានជនសង្ស័យបានប្រើហិង្សាដ៏ឃោឃៅវាយ ដោយដំបង យ៉ាងធ្ងន់ធ្ងរមកលើនាយចឺម តារាចំរៀង ខណៈចោទប្រកាន់ថា នាយចឺមបានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន កើតជារឿងប្រចណ្ឌ។ ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង ០៤ និង២០រសៀល នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ជាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
បន្ទាប់ពីមានករណីនេះកើតឡើង នាយក្រូច ដែលជាពូរបស់នាយចឺម បានចេញមុខបញ្ជាក់ថាករណីដែលនាយចឺមត្រូវគេលបវាយនោះគឺជារឿងពិត ដោយនៅថ្ងៃនោះ នាយចឺមនិងលោកត្រូវចូលរួមច្រៀងក្នុងកម្មវិធីខួបកំណើតនៅប៉ៃលិន ដែលចៃដន្យអ្វីស្រាប់តែខូចឡានជាហេតុធ្វើឲ្យលោកមិនបានទៅច្រៀងជាមួយនឹងនាយចឺម លោកមានការសោកស្តាយដែលមិនបានទៅជាមួយនឹងនាយចឺមទើបបណ្តាលឲ្យមានករណីនេះកើតឡើង។ នាយក្រូចក៏បានបញ្ជាក់ថា នាយចឺម និងជនសង្ស័យ នឹងត្រូវចូលប៉ុស្តិ៍ប៉ូលិសដើម្បីឲ្យសមត្ថកិច្ចសួរនាំពីដំណើរដើមទង ថាតើនាយចឺមពិតជាឆាតញ៉ែសង្សារគេពិតឬក៏យ៉ាងណា។
សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ដោយជនសង្ស័យបានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយជនរងគ្រោះបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេរធ្ងន់ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន អិច មួយគ្រឿងខូចទាំងស្រុង។ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថាមូលហេតុនាំឲ្យជនសង្ស័យវៃលេីជនរងគ្រោះដោយសារការប្រចណ្ឌនឹងជនរងគ្រោះឈ្មោះនាយចឺមបានឆាតទៅរកសង្សារបស់ខ្លួន៕