អឺរ៉ុប តឿនកម្ពុជា ឲ្យឆាប់បើកចំហបរិយាកាសនយោបាយឡើងវិញ ខណៈការព្យួរ EBA ជិតមកដល់
គេហទំព័ររបស់សហភាពអឺរ៉ុប បានអោយថា៖ លោក Josep តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប បានរម្លឹកជាថ្មី អំពីសារសំខាន់របស់អាជ្ញាធរកម្ពុជា ក្នុងការចាត់វិធានការជាបន្ទាន់ ដើម្បីបើកចំហបរិយាកាសនយោបាយ និងបង្កើតលក្ខខណ្ឌចាំបាច់ ដល់គណបក្សប្រឆាំង ដែលគួរឲ្យទុកចិត្តបាននិងមានលក្ខណៈប្រជាធិបតេយ្យ ហើយចាប់ផ្តើមដំណើរការផ្សះផ្សារជាតិ តាមរយៈកិច្ចសន្ទនាពិតប្រាកដ»។
លោក Josep រម្លឹកពីសារនេះ ស្របពេលដែលការសម្រេចរបស់សហភាពអឺរ៉ុប អំពីការព្យួរឬមិនព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA នៅកម្ពុជា ជិតនឹងឈានមកដល់ ពោលគឺនៅសល់ប្រមាណតែពីរខែទៀតប៉ុណ្ណោះ (ខែកុម្ភៈ ឆ្នាំ២០២០)។ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រសួងការបរទេសកម្ពុជា បានឆ្លើយតបនឹងរបាយការណ៍បឋមរបស់សហភាពអឺរ៉ុប។
ក្នុងការឆ្លើយតបនោះ ក្រសួងការបរទេសកម្ពុជា បានស្នើឲ្យសហភាពអឺរ៉ុប ពិចារណាពីការប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិនានា ក្រោមលក្ខខណ្ឌនៃការទទួលបាន EBA។ ក្រសួងការបរទេសកម្ពុជា ក៏សង្ឃឹមផងដែរថា សហភាពអឺរ៉ុប នឹងពិចារណាពីផលប៉ះពាល់ដល់កម្មការិនីកម្ពុជាជិតមួយលាន បើព្យួរ EBA៕