សម្ដេចតេជោ ហ៊ុន សែន អរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសចិន ដែលមកជួយព្យាបាលជម្ងឺភ្នែកដល់ពលរដ្ឋខេត្តកំពង់ចាម និងបន្តទៅខេត្តព្រៃវែង
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម លឿង ជុនយីង អនុប្រធានគណៈកម្មការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានមជ្ឈមណ្ឌលខ្សែក្រវាត់និងផ្លូវនៃទីក្រុងហុងកុង ប្រទេសចិន។ ដែលជំនួបនេះធ្វើឡើងនៅវិមានសន្តិភាព រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩។
នៅក្នុងជំនួបនេះ អ៊ាង សុផល្លែត ជំនួយការសម្ដេច
តេជោ បានឲ្យដឹងក្រោយជំនួបថា ក្នុងជំនួបនេះ ឯកឧត្តម លឿង ជុនយីង បានគោរពរាយការណ៍ជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់ប្រទេសកម្ពុជាជាច្រើនដងមកហើយ ហើយលើកទី២ ឯកឧត្តមបាននាំគ្រូពេទ្យស្ម័គ្រចិត្តមកជួយដល់ប្រជាជនកម្ពុជាដែលមានបញ្ហាភ្នែកនៅខេត្តកំពង់ចាម ។ ឯកឧត្តមបានពិនិត្យឃើញថាប្រជាជនកម្ពុជាមានបញ្ហាភ្នែកកើតកន្ទុយថ្លែនច្រើន នឹងបញ្ហាភ្នែកដ៏ទៃទៀត ក្នុងន័យនេះ ឯកឧត្តមក៏បានរៀបចំមជ្ឈមណ្ឌលដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាជនខេត្តកំពង់ចាមដែលមានបញ្ហាភ្នែកឱ្យជាសះស្បើយទាំងអស់គ្នា។ ឯកឧត្តមបានមានប្រសាសន៍ថា ការព្យាបាលភ្នែកកន្ទុយថ្លែននោះ គឺជាការងាយបំផុត មិនមានគ្រោះថ្នាក់ ហើយមិនមានការឈឺចាប់នោះទេ និយាយរួមការងារនេះគឺជាការងារមិនគួរឲ្យមានការព្រួយបារម្ភនោះទេ តែជាការងារដែលគ្រូពេទ្យជាច្រើនបានធ្វើទទួលបានជោគជ័យ១០០%ផងដែរ។
ក្នុងនោះ ឯកឧត្តមក៏បានលើកឡើងពីករណីមួយ
នៅះគឺការវះកាត់ទៅលើបុរសវ័យចំណាស់ម្នាក់ដែលមានភ្នែកកើតកន្ទុយថ្លែន បន្ទាប់ពីការវះកាត់រយៈពេល២០នាទីទៅ៣០នាទីមក ១ថ្ងៃក្រោយមក
ភ្នែករបស់គាត់ក៏អាចមើលឃើញច្បាស់ឡើងវិញ ដូចធម្មតា បន្ទាប់ពីគាត់មើលមិនឃើញរយៈពេល៧ឆ្នាំមកហើយ។ ចំនុចនេះហើយធ្វើឲ្យទឹកចិត្តរបស់ក្រុមគ្រូពេទ្យរបស់លោក កាន់តែមានទឹកចិត្តបន្ថែមទៀតសម្រាប់ការចូលរួមព្យាបាលជំងឺដល់ប្រជាពលរដ្ឋកម្ពុជាបន្ថែមទៀត។
ឯកឧត្តមបានគោរពជម្រាបជូនសម្ដេចតេជោថា កន្លងមកក្នុងរយៈពេល៩ខែមកនេះ ក្រុមគ្រូពេទ្យរបស់ឯកឧត្តមគឺមានពេលចំនួន១២នាក់ ដែលប្រចាំការនៅខេត្តកំពង់ចាម។ ហើយរហូតមកដល់ថ្ងៃសុក្រកន្លងមកនេះ គឺបេសកកម្មរបស់លោកបានបញ្ចប់ទទួលបាននូវភាពជោគជ័យគឺអ្នកជំងឺប្រមាណជា ៨២០៨នាក់ ទូទាំងខេត្តមានបញ្ហាភ្នែកកើតកន្ទុយថ្លែននោះ ហើយទទួលបាននូវការព្យាបាល និងជាសះស្បើយ។ លោកក៏បានគោរពជម្រាបជូនផងដែរថា បន្ទាប់ពីបេសកកម្មនៅខេត្តកំពង់ចាមហើយលោកនឹងបន្តទៅកាន់ខេត្តព្រៃវែងទៀតដោយឧបករណ៍សម្ភារៈគ្រឿងប្រើប្រាស់នៅខេត្តកំពង់ចាមគឺរក្សានៅខេត្តកំពង់ចាមដដែល
ផ្ទុយទៅវិញលោកនឹងយកឧបករណ៍ថ្មីទៅកាន់ខេត្តព្រៃវែងជាបន្តទៀត។ លោកបន្តទៀតថា អ្វីដែលក្រុមគ្រូពេទ្យធ្វើនៅពេលនេះទី១ គឺបម្រើការងារមនុស្សធម៌ដើម្បីជួយដល់ប្រជាជនកម្ពុជា ទី២គឺជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ស្របទៅនឹងគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់ចិន។ ក្នុងន័យនេះដើម្បីបំពេញបេសកកម្មរបស់ឯកឧត្តមឱ្យទទួលបានភាពជោគជ័យនៅខេត្តព្រៃវែង ឯកឧត្តមបានស្នើសុំសម្ដេចតេជោអោយក្រសួងសុខាភិបាលបន្តគាំទ្រដល់ក្រុមការងាររបស់លោកជាបន្តទៀតក្នុងគោលដៅជួយដល់ប្រជាជនកម្ពុជា។
ជាការឆ្លើយតប សម្តេចតេជោបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ជុនយីង ក៏ដូចជាក្រុមការងារទាំងអស់ដែលបានផ្ដល់បរិច្ចាគ ដើម្បីបម្រើផលប្រយោជន៍មនុស្សធម៌ដល់ប្រជាជនកម្ពុជា។ សម្តេចតេជោបានមានប្រសាសន៍ថា ខេត្តកំពង់ចាមគឺជាខេត្តមួយ ដែលកាលពីដើមឡើយមានខេត្តត្បូងឃ្មុំរួមបញ្ចូលដែរ ប៉ុន្តែក្រោយបងត្រូវបំបែកជាពីរ។ ដោយឡែកការទាក់ទងទៅនឹងការព្យាបាលជំងឺភ្នែកជាបន្តទៀតទៅដល់ប្រជាពលរដ្ឋនៅខេត្តព្រៃវែង សម្ដេចតេជោបានមានប្រសាសន៍ថាទីនោះក៏ជាទីតាំងល្អដែរ ហើយគប្បីណាជួយដល់ប្រជាជនដែលរស់នៅខេត្តជាប់ខេត្តព្រៃវែងផងដែររួមមានខេត្តត្បូងឃ្មុំ និងខេត្តស្វាយរៀងជាដើម។
សម្តេចតេជោបានបន្តថា ការជួយប្រជាជនយើងឱ្យមានភ្នែកភ្លឺឡើងវិញនេះ ជាការពិតណាស់គឺជាការងារមនុស្សធម៌មួយ ហើយសម្ដេចយល់ច្បាស់នូវអារម្មណ៍ដែលប្រជាជនទទួលបានភ្នែកភ្លឺមកវិញនេះ ហើយសម្ដេចក៏បានមានប្រសាសន៍ថា តាមព្រះពុទ្ធសាសនា ការធ្វើអំពើល្អតែតែងតែបានបុណ្យច្រើនណាស់។ ក្នុងន័យនេះសម្ដេចតេជោ
ជួសមុខឱ្យប្រជាជនទាំងអស់ដែលបានទទួលព្យាបាលភ្នែកភ្លឺឡើងវិញ សូមអរគុណចំពោះឯកឧត្តម និងក្រុមការងារ និងអ្នកឧបត្ថម្ភទាំងអស់ដែលបានជួយព្យាបាលជម្ងឺជូនដល់ប្រជាជនកម្ពុជាហើយសូមឱ្យឯកឧត្តម និងក្រុមការងារបន្តជួយដល់ប្រជាជនកម្ពុជានៅខេត្តផ្សេងៗជាបន្តបន្ទាប់ទៀត៕