កម្ពុជា និងប្រទេសជាង៩០ផ្សេងទៀត សន្យារួមគ្នាទប់ស្កាត់ឲ្យបានការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណែត
(ភ្នំពេញ)៖ រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសចំនួន៩៣ផ្សេងទៀតរួមទាំងអង្គការសង្គម ស៊ីវិលនានានៅលើពិភពលោកបានសន្យារួមគ្នាថា នឹងខិតខំធ្វើយ៉ាងណាកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណែត ខណៈបញ្ហានេះត្រូវបានពិភពលោកចាត់ទុកថាជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុតដែលទាមទារឲមានការសម្របសម្រួលឆ្លើយតបជាបន្ទាន់នោះ។
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជបានអោយដឹងក្រោយពីវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំថ្នាក់កំពូល ស្តីពីពង្រាងបទបញ្ញត្តិ និងគោលនយោបាយរបស់រដ្ឋាភិបាល នៃការប្រឆាំងការកេងប្រវ័ញ្ចផ្លូវភេទរបស់កុមារតាមប្រព័ន្ធអ៊ីនធឺណែត អស់រយៈពេលជាច្រើនថ្ងៃនៅទីស្នាកលការកណ្តាលសហភាពអាហ្រ្វិកនៃទីក្រុងអាឌីសអាបេបានៅប្រទេសអេត្យូពីកាលពីម្សិលមិញ។
លោកជំទាវ បន្ថែមថា នៅក្នុងកិច្ចប្រជុំខាងលើនេះគឺថ្នាក់ដឹក នាំនៃប្រទេសជាសមាជិក រួមទាំង អង្គការសង្គមស៊ីវិល ឧស្សាហកម្មបច្ចេកវិទ្យា ភ្នាក់ងារអនុវត្តច្បាប់ វិទ្យាស្ថានស្រាវជ្រាវ និង ដៃគូខាន់ៗជាច្រើនទៀត មកពីបណ្តាប្រទេសចំនួន៩៣ ជុំវិញពិភពលោកបានសន្យារួមគ្នាទប់ស្កាត់និងប្រឆាំងឲ្យបានចំពោះការ គេងប្រវ័ញឲ្យបានចំពោះកុមារតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបមួយនេះ។
សូមរំលឹកថាកាលពីកិច្ចប្រជុំកំពូល(WePROTECT) ប្រារព្ធធ្វើនៅប្រទេសអារ៉ាប់រួម និងចក្រភពអង់គ្លេសពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា ក្នុងនោះក៏មានប្រទេសកម្ពុជា និងអង្គការអន្តរជាតិនានា បានទទួលស្គាល់ថាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណែត គឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរដោយទាមទារឲ្យមានការសម្របសម្រួលឆ្លើយតបនៅកម្រិតសកលចំពោះអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណែតនេះ។
យ៉ាងណាក៏ដោយលោកជំទាវ ជូ ប៊ុនអេង បានប្រាប់ពិភពលោកថា កម្ពុជាត្រៀមខ្លួនជា និច្ចចំពោះការសហការជាមួយប្រទេសជាសមាជិកនៅលើពិភពលោកសម្រាប់ទប់ស្កាត់ និងការពារនៅទង្វើដ៏អាក្រកមួយនេះ ខណៈកម្ពុជានាពេលបច្ចុប្បន្នបានកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំងចំពោះបញ្ហាមួយនេះ៕