សម្តេចតេជោ ហ៊ុន សែន ៖ មន្ទីរពេទ្យទាំងអស់ សូមកុំដណ្តើមអ្នកជម្ងឺគ្នា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញអោយក្រសួងសុខាភិបាល មានការគ្របគ្រងគ្លីនិកឯកជន និងកន្លែងលក់ថ្នាំពេទ្យអោយត្រឹត្រូវ។ ការថ្លែងបែបនេះ នៅក្នុងឱកាសដែលសម្តេចតេជោអញ្ជើញមកប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលនាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅកោះពេជ្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា គ្រប់មន្ទីរពេទ្យទាំងរដ្ឋ និងឯកជន សូមកុំដណ្តើមអ្នកជំងឺគ្នា ជាក់ស្តែងកន្លងទៅនេះមានករណីខ្លះ មានជម្ងឺបានព្យាបាលនៅមន្ទីរពេទ្យឯកជន ហើយដល់ពេលដែលឯកជនព្យាបាលមិនជា ក៏បានបញ្ជូនអ្នកមកមន្ទីរពេទ្យរដ្ឋ ហើយដោយសារអ្នកជម្ងឺកាន់តែធ្ងន់ធ្ងរពេកនោះក៏បណ្តាលអោយអ្នកជម្ងឺស្លាប់នៅមន្ទីរពេទ្យរដ្ឋ ដែលពេលនោះក៏ចាប់ផ្តើមបន្ទោសដល់មន្ទីរពេទ្យរដ្ឋ។

ដូចច្នេះ សម្តេចសូមអោយមានការគោរពទៅលើក្រមសីលធម៌វិជ្ជាជីវៈពេទ្យអោយបានត្រឹមត្រូវ ជាពិសេសកន្លែងលក់ថ្នាំពេទ្យក៏ដូច្នេះ ត្រូវតែមានការយកចិត្តទុកដាក់អោយបានច្បាស់លាស់ ត្រូវមានច្បាប់ទំលាប់ត្រឹមត្រូវ និងលក់អោយត្រូវទៅតាមប្រភេទជម្ងឺ។ សម្តេចតេជោ ក៏បានអំពាវនាវសារជាថ្មីទៀតអោយគ្រូពេទ្យទាងអស់ត្រូវតែគោរពវិជ្ជាជីវៈពេទ្យ មិនត្រូវប្រងើយកន្តើយចំពោះអ្នកជំងឺឡើយ កុំយកលុយជាធំ ត្រូវយកការជួយសង្គ្រោះជាធំ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds