ក្រសួងថា អគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើង មាន៤៣៦អគារ ក្នុងនោះខេត្តព្រះសីហនុ មាន ២០៣អគារ
(ភ្នំពេញ)៖ នៅចុងឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើង មានចំនួន ៤៣២គម្រោង ស្មើនឹង ៤៣៦អគារ (ខេត្តព្រះសីហនុ មានគម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើង មានចំនួន ២០៣អគារ) ក្នុងនោះ ពី ៥ជាន់ ទៅ ៩ជាន់ មានចំនួន ២០៨អគារ ពី ១០ជាន់ ទៅ ១៩ជាន់ មានចំនួន១៣៥ អគារ ពី ២០ជាន់ ទៅ ២៩ជាន់ មានចំនួន ៥៧អគារ ពី ៣០ជាន់ ទៅ ៣៩ជាន់ មានចំនួន ២៣អគារ ពី ៤០ជាន់ ឡើងទៅ មានចំនួន ១៣អគារ។
សំណង់លំនៅឋាន មានចំនួន ៣៧៣២ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ចំនួន ៨ ០២៤ ២៨៦ ម៉ែត្រការ៉េ មានទុនវិនិយោគ ៣ ៦៦១ ២៧៥ ៣៥០ ដុល្លារ ស្មើនឹង ៣៨ ៤៨៨ ខ្នង/ចំណែកឯកជន/ល្វែង។ នេះជាការបញ្ជាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។
ចំពោះបុរីលំនៅឋាន និងបណ្ដុំលំនៅឋាន មានលក្ខណៈបុរី នៅទូទាំងប្រទេស ចំនួន ៤០ គម្រោង ស្មើនឹង ១៦ ៥៨៩ ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់សរុប ២ ៤៩៦ ៣៥៨ ម៉ែត្រការ៉េ មាន តម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ ៨២១ ៣០៦ ៦៧៦ ដុល្លារ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តថា អគារផ្ទះល្វែង និងភូមិគ្រឹះ នៅទូទាំងប្រទេស មាន ២០ ៧៨១ ល្វែង/ខ្នង មានផ្ទៃក្រឡាកម្រាលសំណង់ ៣ ៤៩៩ ២០៤ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ ១ ២៦៩ ៦៥៣ ១៨៨ ដុល្លារ។
ជាមួយគ្នានេះ អគារស្នាក់នៅ រួមមាន ១៥២ គម្រោង ស្មើនឹង ១៧ ៧០៧។ ចំណែកឯកជន មានផ្ទៃក្រឡាកម្រាលសំណង់ ៣ ២០៣ ០០១ ម៉ែត្រការ៉េ មានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ ១ ៩០៧ ២៦៩ ៥៧៨ ដុល្លារ។ បើតាមក្រសួងរៀបចំដែនដី បន្តទៀតថា សំណង់សណ្ឋាគារ នៅទូទាំងប្រទេស មានចំនួន ៦៦គម្រោង ស្មើនឹង ៩៧៧ ៨៦៧ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ ៥៨៦ ៣៩១ ៦៧៦ ដុល្លារ។ រីឯសំណង់អគារពាណិជ្ជកម្មនៅទូទាំងប្រទេសមានចំនួន ៣១២ គម្រោង ស្មើនឹង ៥ ៩២៨ ៩៨៥ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ ៣ ៥១៨ ០៥៣ ០៤៣ ដុល្លារ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏លើកឡើងថា សំណង់អគាររោងចក្រ នៅទូទាំងប្រទេស មានចំនួន ១២១ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ ២ ៦៨៥ ២៩៣ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ ១ ១៤១ ៧៧៩ ៦៩១ ដុល្លារ។
ក្រសួង ក៏បន្ថែមថា សំណង់អគារពហុមុខងារ នៅទូទាំងប្រទេស មានចំនួន ៩៤ គម្រោង ស្មើនឹង ៥ ០៨១ ៤៣២ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគ ប្រមាណ ៣ ០៤៨ ៦៦៤ ៦២៦ ដុល្លារ។
ជាមួយគ្នានោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា គិតចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ បានចេញលិខិតអនុញ្ញាតសាងសង់ នៅទូទាំងប្រទេស ចំនួន ៤៨ ០០៤ គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់ សរុបចំនួន ១៣១ ៩៤៣ ៥៣៥ ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៥១ ០៣៥ ១២៤ ៤៥១ ដុល្លារ គម្រោងអគារខ្ពស់ៗ ចាប់ពី ៥ជាន់ឡើង នៅទូទាំងប្រទេស មានចំនួន ១ ៦២៤ អគារ ( ក្នុងនោះ អគារខ្ពស់ៗ ចាប់ពី ៥ជាន់ទៅ ៩ជាន់ មាន ចំនួន៨៧២អគារ អគារ ចាប់ពី ១០ ជាន់ទៅ ១៩ជាន់ មានចំនួន ៤៦១អគារ។ អគារចាប់ពី ២០ ជាន់ទៅ ២៩ជាន់ មានចំនួន ១៥៦អគារ។ អគារចាប់ពី ៣០ជាន់ ទៅ ៣៩ជាន់ មានចំនួន ៩៥អគារ អគារចាប់ពី ៤០ជាន់ឡើង មានចំនួន ៤០អគារ។
ដោយឡែក នៅខេត្តព្រះសីហនុ មានអគារចាប់ពី ៥ជាន់ទៅ ចំនួន ២៣៨អគារ។ គម្រោងបុរី លំនៅឋាន និងបណ្ដុំលំនៅឋាន មានលក្ខណៈបុរី មានចំនួន ២៩៨គម្រោង និងលំនៅឋាន មានលក្ខណៈជាអគារសហកម្មសិទ្ធិ ក្នុងរាជធានីភ្នំពេញ គិតចាប់ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ មានចំនួន ២២ ២៦៩ ចំណែកឯកជន៕