នាយករដ្ឋមន្រ្តីកម្ពុជាផ្តល់អំណោយសៀវភៅរាប់មុឺនក្បាលដល់អ្នកនិយមអានសៀវភៅ
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយសៀវភៅរាប់មុឺនក្បាលនៅឯពិធីតាំងពិព័ណ៍សៀវភៅថ្នាក់ជាតិប្រចាំឆ្នាំនៅបណ្ណាល័យជាតិចាប់ពីថ្ងៃសុក្រនេះតទៅ ។
សៀវភៅបីចំណងជើងខុសៗគ្នាហើយដែលត្រូវបានបោះពុម្ពផ្សាយកាលពីជិត១០០ឆ្នាំមុន ត្រូវបានរៀបរៀងឡើងវិញក្នុងនោះមានសៀវភៅ ស្រីហិតោបទេស ក្រមង៉ុយ និង អ៊ូ ចុង ដើម្បីចែកជូនជាចំណងដៃនិងលើកទឹកចិត្តដល់អ្នកចូលចិត្តអានសៀវភៅចាប់ពីថ្ងៃទី១៣ដល់១៥ ខែធ្នូ ឆ្នឫ២០១៩។
ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាដែលមានលោក ហ៊ុន ម៉ានី កូនប្រុសពៅរបស់សម្តេចហ៊ុន សែន ជាប្រធាន បានស្ម័គ្រចិត្តចូលរួមរៀបចំចែកចាយសៀវភៅទាំង៣ចំណងជើងនោះនៅបណ្ណាល័យជាតិផ្ទាល់តែម្តង។
សៀវភៅនីមួយៗសុទ្ទតែបង្កប់នូវទស្សនៈអប់រំខុសៗគ្នា ជាក់ស្តែង សៀវភៅក្រមង៉ុយបានក្រើនរំលឹកដល់យុវជនថា “បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមួន ឱ្យមាំឱ្យស្ទាត់ កុំចេះស្ទាក់ស្ទើរល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ”។ ចំណែកឯសៀវភៅ អ៊ូ ចុង វិញបានផ្តាំដល់កូនចៅថា “ត្រូវធ្វើបុណ្យខ្នើត ម៉ែឳស៊ីកើត កំពុងស្រែកឃ្លាន ម៉ែឪនៅរស់ កូនត្រូវធ្វើទាន បំបាត់ក្តីឃ្លាន ហៅធ្វើបុណ្យខ្នើត។ ហៅបុណ្យខែភ្លឺ កុំចាំគាត់ឈឺ បរិភោគលែងកើត ជូនគាត់កាលជា ហៅថាបុណ្យខ្នើត គាត់បរិភោគកើតបានជាងរនោច។ លុះបាត់ជីវិត បុណ្យខែងងឹត ដូចថ្ងៃដប់រោច កូនចៅទាំងឡាយ យកបាយឱ្យខ្មោច ម៉ែឥតប្រយោជន៍ ខ្មោចណាចេះស៊ី” ។
ដោយឡែកសៀវភៅ ស្រីហិតោបទេស កាន់តែសម្បូរបែបនូវទស្សនៈជាច្រើនដែលនាំទៅដល់ការត្រិះរិះពិចារណាគ្រប់បែបយ៉ាង ក៏ដូចជាការអប់រំ។
នៅក្នុងវគ្គមួយនៃសៀវភៅនោះ បានសរសេរថា “បុគ្គលមានចំណេះដឹងតិច កាលបើបាត់បង់ទ្រព្យអស់ហើយ កិច្ចការផ្សេងទៀតក៏វិនាសទៅដែរ ដូចជាស្ទឹងមានទឹកតិចនាពេលរដូវក្ដៅមកដល់ ក៏រីងស្ងួតហួតហែងអស់រលីង”។
នេះជាឆ្នាំទីពីរហើយដែលសម្តេចតេជោបានធ្វើអំណោយជាសៀវភៅដល់អ្នកដែលចូលរួមក្នុងពិធីតាំងពិពណ៍សៀវភៅ ក្រោមប្រធានបទ ‘’ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ’’។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេកត់ចូលក្នុងប្រវត្តិសាស្រ្តថាជាមេដឹកនាំកម្ពុជាតែមួយគត់ដែលបានយកចិត្តទុកដាក់ចែកចាយសៀវភៅដល់សិស្សានុសិស្ស និស្សិត និងគ្រូបង្រៀន បានច្រើនជាងគេបង្អស់។