អត្តពលិកកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញ ជាមួយនឹងស្នាមញញឹម ព្រោះកម្ពុជាទទួលបានមេដាយច្រើន

(ភ្នំពេញ)៖ ប្រតិភូ និងអត្តពលិកកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញអស់ហើយ ក្រោយបញ្ចប់បេសកកម្មប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃពុធកន្លងទៅ។ ដំណើរមាតុភូមិនិវត្តន៍ចុងក្រោយរបស់ប្រតិភូ និងអត្តពលិកកម្ពុជា ដែលដឹកនាំដោយនាយបេសកកម្មលោក វ៉ាត់ ចំរើន កាលពីយប់មិញ បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ចំពោះដំណើរការមកដល់កម្ពុជាទាំងកណ្ដាលរាត្រីនេះ ក៏មានវត្តមានម្ចាស់មេដាយមាស ខាន់ ចេសា រួមទាំងម្ចាស់មេដាយសំខាន់ៗ និងអត្តពលិក ៩ប្រភេទផ្សេងទៀត រួមមានកីឡាជឺជិតស៊ូ, ចំបាប់, Kick Boxing, សូហ្វតិន្នីស, កីឡាហុកគី, អត្តពលកម្ម, ទោចក្រយាន, បាល់ទះក្នុងសាល និងក្រុមបាល់ទាត់ជម្រើសជាតិ U22 កម្ពុជា។ រីឯអត្តពលិក និងម្ចាស់មេដាយលើប្រភេទកីឡាផ្សេងទៀត បានធ្វើដំណើរមកមាតុភូមិមុនជាបន្ដបន្ទាប់កាលពីថ្មីៗកន្លងទៅ។

សម្រាប់បេសកកម្មចូលរួមប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅហ្វីលីពីន ក្រោយដំណើរការប្រកួតជាង ១០ថ្ងៃ ចាប់ពីថ្ងៃទី៣០-វិច្ឆិកា ដល់ថ្ងៃទី១១-ធ្នូ ក្រុមអត្តពលិកកម្ពុជា បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេស ក្រោយដណ្ដើមបានមេដាយសរុប ៤៦គ្រឿង រួមមានមេដាយមាស៤, ប្រាក់៦ និងសំរឹទ្ធ៣៦ បើធៀបនឹងស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី គឺមានការកើនឡើងច្រើន ពិសេសលក្ខណៈបច្ចេកទេសរបស់កីឡានីមួយៗ មានភាពរីកចម្រើន និងការប្រកួតប្រជែងស្វិតស្វាញជាងមុន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds