ក្រសួងសុខាភិបាល បន្តជំរុញគ្រូពេទ្យទាំងអស់ត្រូវយល់ដឹងពីបញ្ហា និងស្ថានភាពអ្នកជំងឺឲ្យបានច្បាស់មុននឹងព្យាបាល
(ភ្នំពេញ)៖ នេះជាការលើកឡើងរបស់ លោក ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសដែលលោក ធ្វើជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ដ្រអន្ដរជាតិ លើកទី៦ ដែលរៀបចំធ្វើឡើងដោយ សាកលវិទ្យាល័យអន្ដរជាតិ (IU) រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកសាស្ដ្រាចារ្យ ធា គ្រុយ បានថ្លែងថា ជាគ្រូពេទ្យត្រូវយល់ដឹងពីបញ្ហា និងស្ថានភាពរបស់អ្នកជំងឺឲ្យបានច្បាស់ ដើម្បីសម្រេចថា ជំងឺមួយនេះ យើងចេះព្យាបាល និងយើងមានលទ្ធភាពព្យាបាល ហើយសម្រេចថា យើងទទួលព្យាបាល ឬមានស្ថានភាពស្មុកស្មាញ ជាជំងឺដែលយើងមិនមានសមត្ថភាពព្យាបាល ហើយសម្រេចបញ្ជូនឲ្យទីតាំង១ទៀត ដែលជំនាញជាង ឬមានលទ្ធភាពខ្ពស់ជាង។ លោកក៏បានគូសបញ្ជាក់ផងដែរថា មិនមានច្បាប់ណាមួយចែងថា ជាគ្រូពេទ្យត្រូវតែចេះព្យាបាលជំងឺគ្រប់មុខទេ ហើយក៏មិនមានច្បាប់ចែងថា ជាគ្រូពេទ្យត្រូវតែព្យាបាលអ្នកជំងឺ ឲ្យជាទាំងអស់ដែរ។
លោកបញ្ជាក់បន្ថែមថា គ្រូពេទ្យទាំងអស់ត្រូវតែបំពេញកាតព្វកិច្ច២ជាចាំបាច់ រួមមាន ១៖ ត្រូវមានសមត្ថភាពជំនាញមាំទាំ និងទាន់សម័យកាល និង២៖ ត្រូវមានអាជ្ញាប័ណ្ណប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ ផ្ដល់ដោយគណៈគ្រូពេទ្យ ពិសេសអាជ្ញាប័ណ្ណប្រកបដោយវិជ្ជាជីវៈ មានសុពលភាព។
សូមបញ្ជាក់ថា សន្និសីទវេជ្ជសាស្ដ្រអន្ដរជាតិ លើកទី៦នេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពគ្រូពេទ្យ តាមរយៈការយល់ដឹងថ្មី និងបទពិសោធន៍ថ្មី នៃសាស្ដ្រាចារ្យវេជ្ជបណ្ឌិតថ្នាក់ជាតិ និងសាស្ដ្រាចារ្យវេជ្ជបណ្ឌិត មកពីបរទេសជាច្រើនរូបផងដែរ៕