សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម នឹងអាចលើសជាង ៥ពាន់លានដុល្លារនៅឆ្នាំ២០២០
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹង
ឯកឧត្តម ជឿង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ នៅវិមានសន្តិភាព។
លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោបានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា
នៅក្នុងជំនួបនេះឯកឧត្តម ជឿង ហ័រប៊ិញ បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមានឱកាសដឹកនាំប្រតិភូមកចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ជាពិសេសនៅពេលដែលសម្ដេចមានពេលវេលាដ៏មមាញឹក។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមបានគោរពពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីប្រមុខរដ្ឋ និងពីនាយករដ្ឋមន្រ្តីវៀតណាម គោរពជូនសម្ដេចតេជោ និងគោរពអញ្ជើញសម្ដេចតេជោទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនៅពេលសមស្របខាងមុខ។
ឯកឧត្តម ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីកិច្ចពិភាក្សាជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការ
ហើយក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាពនៅប្រទេសវៀតណាម។ ឯកឧត្តមបានជម្រាបជូនថា នៅប្រទេសវៀតណាមមានការអភិវឌ្ឍយ៉ាងល្អប្រសើរគោលដៅទាំង១២ របស់រដ្ឋាភិ
បាលវៀតណាមដែលបានដាក់ចេញមកត្រូវបានសម្រេចហើយកំពុងតែជំរុញការអនុវត្តឲ្យបានសម្រេចស្របតាមគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចវៀតណាមនៅពេលនេះ មានការកើនឡើងប្រមាណ ៧ភាគរយ ហើយអតិផរណាទាបមានប្រមាណតែ ២ភាគរយប៉ុណ្ណោះ។ ឯកឧត្តមក៏បានសំដែងនូវការរីករាយជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមលើគ្រប់វិស័យជាពិសេសលើវិស័យការពារជាតិ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន វិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យពាណិជ្ជកម្មផងដែរ។
ក្នុងន័យនេះឯកឧត្តមមានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាមអាចឈានទៅដល់តាមការកំណត់៥ពាន់លានដុល្លារសហរដ្ឋអាមេរិចនៅឆ្នាំ២០២០នេះ។លើសពីនោះទៅទៀត ឯកឧត្តមក៏បានសំដែងនូវការរីករាយផងដែរ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើឆាកអន្តរជាតិកន្លងមកហើយឯកឧត្តមមានប្រសាសន៍ថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយនេះហើយនឹងក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិផងដែរ។ ក្នុងន័យនេះឯកឧត្តមបានស្នើសុំឲ្យកម្ពុជាគាំទ្រ និងសហការគ្នាធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខទុកអំពីឯកឧត្តមប្រមុខរដ្ឋ និងឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម និងការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា សម្តេចនឹងអញ្ជើញទៅធ្វើទស្សនកិច្ចកិច្ចនៅប្រទេសវៀតណាមក្នុងពេលវេលាសមស្របណាមួយខាងមុខ។
ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមនោះសម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ប្រទេសវៀតណាម និងក៏បានសំដែងនូវការរីករាយផងដែរ ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ លើសពីនេះទៅទៀត សម្ដេចតេជោក៏បានមានប្រសាសន៍ថា ការរីកចម្រើនលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមគឺជួយដល់ការស្ថិរភាពសេដ្ឋកិច្ចនយោបាយក្នុងតំបន់ផងដែរ ដែលក្នុងន័យនេះសម្តេចបានលើកទឹកចិត្តឲ្យធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសជួយសម្រួលដល់ពាណិជ្ជកម្មនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលបានកំណត់យ៉ាងណាកម្រិត៥ពាន់លានដុល្លារឆ្នាំ ២០២០នេះ សម្តេចបានមានប្រសាសន៍ថា ការពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺអាចធំជាង ៥ពាន់លានដុល្លាររួចទៅហើយ ព្រោះថាទំហំពាណិជ្ជកម្មដែលមាននៅក្នុងបញ្ជីមានតួលេខផ្សេងយើងក៏មានទំហំពាណិជ្ជកម្មដែលមិនមានចុះនៅក្នុងបញ្ជីផងដែរ ដូចជាការនាំស្រូវទៅវៀតណាមជាដើម ដែលពុំមានការកត់ត្រានៅក្នុងបញ្ជី។
លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីអបអរសាទរ និងជូនពរដល់ប្រទេសវៀតណាមដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយនេះ ហើយក៏ជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិជាតិនៅឆ្នាំក្រោយនេះផងដែរ ក្នុងន័យនេះសម្ដេចតេជោ
បានមានប្រសាសន៍ថាកម្ពុជានៅឆ្នាំក្រោយនេះនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបក្នុងនៅនេះគប្បីណាប្រទេសយើងទាំងពីរសហការគ្នារួមគ្នាគាំទ្រគាំទ្រគ្នាទៅវិញទៅមកទាំងនៅកិច្ចប្រជុំនៅវៀតណាមនិងកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនេះបានរីកចម្រើនឡើងថែមទៀត។
លើសពីនេះទៀតសម្ដេចតេជោ ក៏ស្វាគមន៍ចំពោះការពិភាក្សារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីវៀតណាម ជាមួយនឹងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងបានផ្តាំសួរសុខទុក្ខទៅដល់ប្រមុខរដ្ឋនិងនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមផងដែរ៕