ក្រុមហ៊ុនមីនីបៀ ដាក់ទុនវិនិយោគនៅកម្ពុជាប្រមាណ ៣៧២លានដុល្លារ ក្នុងឆ្នាំ២០១៩

 

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលជួបពិភាក្សាការងារជាមួយលោក យូស៊ីហ៊ីដសា កៃណូម៉ា (Yoshihisa Kainuma) ប្រធានក្រុមហ៊ុនមីនីបៀ របស់ប្រទេសជប៉ុន។

លោកកៃនូម៉ា បានជម្រាបជូនសម្ដេចតេជោថា នៅឆ្នាំ២០១៨កន្លងមក ក្រុមហ៊ុនរបស់លោក បានដាក់ទុនវិនិយោគនៅកម្ពុជាមានចំនួនទឹកប្រាក់ប្រមាណ ៣៧២លានដុល្លារសហរដ្ឋអាមេរិច ហើយនៅឆ្នាំ២០១៩នេះ នឹងរីកឡើងទៅរហូតដល់៤០០លានដុល្លារសហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ ក្រៅពីការផលិតម៉ូទ័រហើយ ក្រុមហ៊ុនទើបទទួលបានការអនុញ្ញាតឱ្យផលិតឧបករណ៍សម្រាប់ល្បែងកម្សាន្តរបស់ក្មេងទៀត ដែលផលិតផលនេះគឺនឹងបិតស្លាកថា Made in Cambodia មានន័យថាផលិតនៅកម្ពុជា ហើយផលិតផលនេះ គឺនាំចេញទៅទូទាំងពិភពលោក  និងក្រុមហ៊ុនមានកម្មករចំនួន ៧ពាន់នាក់ហើយ ហើយដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះកម្មករនឹងឈានឡើងរហូតដល់២ម៉ឺននាក់សម្រាប់បម្រើការងារនៅក្នុងរោងចក្ររបស់លោក ហើយកម្មករទាំងនោះ បានមកពីខេត្តចំនួន ១០ នៃព្រះរាជាណាចក្រកម្ពុជា ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀរ ដែលមានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ កាលដើមឡើយ សម្ដេចតេជោធ្លាប់មានប្រសាសន៍ថា មិនថាក្រុមហ៊ុនតូច ក្រុមហ៊ុនធំទេឱ្យតែមកដល់កម្ពុជា គឺដល់មុន គឺទទួលមុន ក្នុងន័យនេះកាលដើមឡើយ ក្រុមហ៊ុនមីនីបៀ គឺជាក្រុមហ៊ុនតូចមួយតែពេលនេះក្រុមហ៊ុនមីនីប៊ៀ គឺជាក្រុមហ៊ុនដ៏ធំបំផុតមួយ ដែលមានកម្មកររហូតដល់ ៧ពាន់នាក់និងឈានរហូតដល់ ២ ម៉ឺននាក់ ហើយក៏កំពុងតែផលិតនូវផលិតផលដែលមានបច្ចេកវិទ្យាទំនើបៗផងដែរ។

ជាងនេះទៀត ការវិនិយោគបច្ចេកវិទ្យាក៏ដូចជាការយកចិត្តទុកដាក់ខ្ពស់ទៅលើកម្មករកម្មការិនីកម្មការិនី គឺនាំឲ្យក្រុមហ៊ុននេះឈានមុខគេលំដាប់ទី១។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds