កែវ សុខផេង ប្តេជ្ញាជាមួយអ្នកគាំទ្រ ធ្វើឱ្យបានល្អក្នុងការប្រកួតជាមួយមីយ៉ាន់ម៉ា
(ភ្នំពេញ)៖ កីឡាករបាល់ទាត់ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមមួយរូបរបស់កម្ពុជា កែវ សុខផេង បានចេញមកថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រវិស័យកីឡា ដែលបានបញ្ចេញសារផ្សេងៗជាការផ្តល់ និងលើកកម្លាំងចិត្តដល់រូបគេ បន្ទាប់ពីរងនូវសម្ពាធពាក្យសម្តីមួយចំនួន ក្រោយពីសមាគមវៀតណាមនៅកម្ពុជា ព្យាយាមរំលឹកបើកកកាយប្រវត្តិរបស់គេម្តាយជាជនជាតិវៀតណាម។
នៅថ្ងៃដែលកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ ជួបប្រកួតដណ្តើមកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រជាមួយកីឡាករជម្រើសជាតិវៀតណាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពិន កាលពីថ្ងៃទី០៧ ខែធ្នូ កន្លងទៅនេះ សមាគមវៀតណាមនៅកម្ពុជា តាមរយៈទំព័រ Facebook របស់ខ្លួនបានចេញបើកកកាយនូវប្រវត្តិសាវតារបស់កីឡាករ កែវ សុខផេង ដែលរូបគេមានម្តាយជាជនជាតិវៀតណាម នៅក្នុងខេត្តតាយនិញ ដែលជាអតីតខេត្តរោងដំរី របស់កម្ពុជាក្រោម។ ការទម្លាយសាវតារបស់សមាគមវៀតណាម បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួនដែលមាននិន្នាការស្អប់ជនជាតិវៀតណាមនោះ លេចចេញនូវពាក្យពេចន៍មិនល្អមួយចំនួនក្លាយទៅជាសម្ពាធផ្លូវចិត្តសម្រាប់កីឡាករ កែវ សុខផេង។ រហូតមានការព្រួយបារម្ភខ្លាចកីឡាករឆ្នើមរបស់កម្ពុជារូបនេះត្រូវលាលែងពីវិស័យនេះ ព្រោះសម្ពាធពាក្យសម្តីទាំងនោះ។
តែជាមួយគ្នានោះ ក៏មានប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ជាច្រើន បានចេញមកលើកទឹកចិត្តតាមរយៈសរសេរសារលើកទឹកចិត្តជាច្រើន ដោយមិនប្រកាន់ពីសាវតា កែវ សុខផេង ដែលមានម្តាយជាជនជាតិវៀតណាមនោះឡើយ។ អ្នកគាំទ្របានមើលឃើញថាតាមរយៈវិស័យបាល់ទាត់ និងក្នុងនាមជាកីឡាករជម្រើសជាតិរបស់កម្ពុជា កែវ សុខផេង បាននាំកិត្តិយសជាច្រើនសម្រាប់កម្ពុជា និងបានរួមចំណែកលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជាផងដែរ។
បន្ទាប់ពីទទួលបានសារលើកទឹកចិត្តជាច្រើនពីប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រកីឡាបាល់ទាត់នេះ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ កែវ សុខផេង បានចេញមកថ្លែងអំណរគុណដល់ការលើកទឹកចិត្តទាំងនោះ។ កែវ សុខផេង បានហៅការលើកទឹកចិត្តនេះ គឺជាការលើកទឹកក្នុងស្មារតី «មហាគ្រួសារខ្មែរ» ដែលជាសមានចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ កីឡាករ កែវ សុខផេង បានបន្ថែមថា ការលើកទឹកចិត្តនេះនឹងធ្វើឱ្យរូបគេខិតខំលត់ដំខ្លួនក្នុងវិស័យកីឡាករបាល់ទាត់របស់កម្ពុជាឱ្យកាន់តែប្រសើរ។ «ទឹកចិត្តរបស់អ្នកទាំងអស់គ្នាបានជំរុញឱ្យខ្ញុំកាន់តែខិតខំប្រឹងប្រែងលត់ដំខ្លួនថែមទៀតដើម្បីភាពរីកចម្រើនក្នុងអាជីពនាពេលអនាគត»។
កែវ សុខផេង ក៏បានប្តេជ្ញាសហការជាមួយមិត្តរួមក្រុមជម្រើសជាតិធ្វើឱ្យបានល្អប្រសើរនៅក្នុងជំនួបដណ្តើមមេដាយសំរឹទ្ធ ជាមួយកីឡាករជម្រើសជាតិមីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣០ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩នេះ។
កីឡាករខ្មែរបម្រើប្រយុទ្ធឆ្នើមអាយុ២៧ឆ្នាំរបស់កម្ពុជារូបនេះ ក៏បានសរសេរពាក្យមួយឃ្លាបញ្ជាក់ជំហរយ៉ាងមុតមាំក្នុងការបន្តរួមរស់ជាមួយបាល់ទាត់កម្ពុជា ដើម្បីធ្វើឱ្យបាល់ទាត់កម្ពុជាកាន់តែប្រសើរ។ «យើងនឹងរួមដំណើរទៅមុខជាមួយគ្នាដើម្បីជ័យជម្នះ និងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់ជាតិយើង!»។
កីឡាករ កែវ សុខផេង កើតនៅថ្ងៃទី៣ ខែមិនា ឆ្នាំ១៩៩២ នៅភូមិរការកណ្ដាល សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។ បច្ចុប្បន្ន សុខផេង កំពុងលេងឱ្យក្លឹប វិសាខា។ កែវ សុខផេង ជាប្អូនប្រុសបង្កើតរបស់កីឡាករ កែវ សុខង៉ន ដែលក៏ជាអតីតកីឡាករជម្រើសជាតិ។ កែវ សុខផេង បានចូលលេងឱ្យក្រុមជម្រើសជាតិចាប់ពីឆ្នាំ២០១៥មក ដោយរកបាន៣គ្រាប់ក្នុង៤ប្រកួតរបស់ខ្លួននៅស៊ីហ្គេមឆ្នាំ២០១៥។ បន្ទាប់មកនៅឆ្នាំ២០១៨ សុខផេង ត្រូវបានកោះហៅមកជួយក្រុមជម្រើសជាតិនៅក្នុងការប្រកួតជម្រុះវើលខាប់ផងដែរ៕