អ្នកសារព័ត៌ជើងចាស់ ឆាយ សុផល ដាក់បង្ហាញសៀវភៅដែលនិយាយពីប្រវត្តិភរិយានាយករដ្ឋមន្ត្រីកម្ពុជា

(ភ្នំពេញ) ៖ លោក ឆាយ សុផល សាស្ត្រាចារ្យផ្នែកសារព័ត៌មាន បានដាក់បង្ហាញសៀវភៅ ស្នាដៃទី១០ ដែលមានចំណងជើងថា « ប៊ុន រ៉ានី ភរិយា បុរស ខ្លាំងនៃកម្ពុជា » កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ដោយក្នុងសៀវភៅនេះ គឺបានរៀបរាប់ពីប្រវត្តិរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលឆ្លងកាត់កាលៈទេសៈដ៏លំបាក គ្រប់បែបយ៉ាង។

ពិធីនេះធ្វើឡើងនៅ “ប៊ុក កាហ្វេ” ស្ថិតនៅបុរីមហាសែនសុខ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លោក ឆាយ សុផល លើកឡើងថា សៀវភៅនេះ ក៏បានរៀបរាប់ការបែងចែកពេល វេលារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងនាមជាជីដូន កូនជាម្តាយជាភរិយានាយករដ្ឋមន្ត្រី និងជាថ្នាក់ដឹកនាំកំពូលនៃកាកបាទក្រហមកម្ពុជា ព្រមទាំងវិធីសាស្ត្រ នៃការអប់រំកូនៗផងដែរ ។ លោក ឆាយ សុផល ជាអ្នកនិពន្ធសៀវភៅ និងជាសាស្ត្រាចារ្យព័ត៌មាន បានពិពណ៌នាថា ដើម្បីបានសៀវភៅនេះ លោកបានសន្សំឯកសារជាច្រើនឆ្នាំ ដោយរួមទាំងការប្រមូលព័ត៌មានទាំងពី សម្តេចតេជោ ផង និងពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផងនិងចំណាយពេលក្នុងការសរសេរ រយៈពេល១ឆ្នាំ។

លោកបន្តថា សៀវភៅនេះបានឆ្លុះបញ្ចាំងអំពីជីវិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ទាល់ ដែលលោកបានឆ្លងកាត់កាលៈទេសៈដ៏លំបាកគ្រប់បែបយ៉ាង រហូតប្រទេសទទួលបានសុខសន្តិភាពទាំងស្រុងនាពេលបច្ចុប្បន្ន ពោលគឺសៀវភៅរៀបរាប់ចាប់តាំងពីលោកនៅកុមារភាព ជាទ័ពព្រៃដៃកាន់កាំភ្លើង យាមយប់យាមថ្ងៃដើម្បីការពារជំរំលាក់ខ្លួនជាគ្រូពេទ្យ ជាអ្នកទោសដែលត្រូវបានកងឈ្លបខ្មែរក្រហមតាមសម្លាប់ទាំងម្តាយនិងកូន រហូតលោកបានក្លាយជាមាតាមនុស្សធម៌ និងជាស្ត្រីទី១នៃប្រទេស។

សូមបញ្ជាក់ថា សៀវភៅនេះមានចំនួនជាង៣០០
ទំព័រ បោះពុម្ពចំនួន៣ម៉ឺនច្បាប់ ហើយមិត្តអ្នកអានអាចរកបាននៅតាមបណ្ណាគារធំៗ និងតូបកាសែតមួយចំនួននៅទូទាំងប្រទេស ព្រមទាំងនៅ Monument Book នៅផ្សារទំនើប អ៊ីអ័ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប។ សៀវភៅនេះក៏មានចែកជូនសាកលវិទ្យាល័យ និងបណ្ណាល័យធំៗក្នុងខេត្ត-ក្រុងផងដែរ ដើម្បីឲ្យជនរួមជាតិបានអានជាពុទ្ធិជំនួយស្មារតី។ សៀវភៅក៏មានបំណងចូលរួមក្នុងពិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ នៅបណ្ណាល័យជាតិ នាថ្ងៃទី១៣-១៥ ធ្នូ ព្រមទាំងចូលរួមអបអរទិវាខួបចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ នេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds