ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ការហ្វឹកហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទ ក៏ជាផ្នែកមួយនៃការរួបរួមសាមគ្គីគ្នារបស់មេបញ្ជាការគ្រប់បណ្តាកងឯកភាព
(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលគ្រូបង្គោលក្បាច់គុនកងយោធពលខេមរភូមិន្ទ ជំនាន់ទី១ នៅទីលានបាញ់ស៊ីបរបស់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ចំការស្វាយគិរីរម្យ ស្រុកភ្នំស្រួច ថ្ងៃ ទី០៩ ខែធ្នូ ឆ្នាំ២០១៩។
នាឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការរៀបចំដាក់ឱ្យដំណើរការ
កម្មវិធីហ្វឹកហាត់ក្បាច់គុនកងយោធពលខេមរភូមិន្ទ និងក៏ជាផ្នែកមួយនៃការរួបរួមសាមគ្គីរបស់ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន របស់មេបញ្ជាការគ្រប់បណ្តាកងឯកភាព ក្នុងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងមោទនភាពក្នុងការប្រែក្លាយទស្សនវិស័យឱ្យទៅជាសកម្មភាពជាក់ស្តែង ធ្វើឱ្យសៀវភៅឯកសារក្បាច់គុនកងយោធពលខេមរភូមិន្ទ ក្លាយទៅជាឯកសាររស់រវើក ជាពិសេសធ្វើឱ្យចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្លាយទៅជាការពិតជាជំហានៗ ដោយ យើងបានចាប់ផ្តើមចាក់គ្រឹះបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១ បន្ថែមលើមូលដ្ឋានឯកសារដែលយើងបានចងក្រងរួចមកហើយ។
មេបញ្ជាការកងទ័ពជើងគោក ចាត់ទុកថា នេះគឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការងារហ្វឹកហ្វឺនរបស់កងយោធពលខេមរភូមិន្ទ ដែលជាមោទនភាពរបស់កូនខ្មែរ កើតឡើងពីការរួមគ្នារបស់បុព្វបុរសខ្មែរក្នុងការចងក្រងបទពិសោធន៍ជាក្បួនប្រយុទ្ធ, ការរួមគ្នារបស់កូនខ្មែរជំនាន់ក្រោយដើម្បីស្រាវជ្រាវចងក្រងសំយោគឡើងវិញ, និងការរួមគ្នារបស់កងកម្លាំងប្រដាប់អាវុធយើងក្នុងចាប់ផ្តើមហ្វឹកហាត់, ប្រើប្រាស់ ហើយយើងនឹងរួបរួមគ្នាបន្តអភិវឌ្ឍទៅមុខទៀត សម្រាប់កូនខ្មែរ និងយោធិននៃកងយោធពលខេមរភូមិន្ទគ្រប់ៗជំនាន់។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមថា សៀវភៅក្បាច់គុណកងយោធពលខេមរភូមិន្ទ គឺជាឯកសារមូលដ្ឋានគ្រឹះនៃមេរៀនក្បាច់គុនកងយោធពលខេមរភូមិន្ទ កើតឡើងក្រោមចក្ខុវិស័យប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយធ្វើសំយោគពីក្បាច់គុនបុរាណរបស់បុព្វបុរសខ្មែរ ក្រោមកិច្ចសហការរវាងកងយោធពលខេមរភូមិន្ទ ជាមួយនឹងសហព័ន្ធយុទ្ធគុនបុរាណខ្មែរទាំងបី គឺសហព័ន្ធកីទ្បាគុនល្បុកតោកម្ពុជា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធយុទ្ធក្រមខមកម្ពុជា។ សៀវភៅក្បាច់គុននេះ ជាឯកសារហ្វឹកហ្វឺនពិសេសមួយ ខុសពីឯកសារយុទ្ធវិធីដទៃទៀតត្រង់ថា ខ្លឹមសារសៀវភៅនេះពុំមានធាតុផ្សំពីបរទេសនោះឡើយ គឺកើតឡើងពីការខិតខំរៀបចំចងក្រងដោយកូនខ្មែរសុទ្ធសាធ តាមរយៈការប្រមូលផ្តុំឯកសារបុរាណ និងសិល្បៈប្រយុទ្ធដែលបន្សល់ទុកដោយបុព្វបុរសខ្មែរយើង។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់យ៉ាងដូច្នេះថា ជោគជ័យនៃវគ្គហ្វឹកហ្វឺននេះ ក៏បានឆ្លុះបញ្ចាំងផងដែរអំពីការប្តេជ្ញាចិត្តប្រឹងប្រែងបំពេញតួនាទីយ៉ាងសកម្ម និងការសាមគ្គីសហការជាធ្លុងមួយរវាងកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ រួមជាមួយនឹងសហព័ន្ធយុទ្ធគុនបុរាណខ្មែរ ក្នុងបុព្វហេតុកសាងបណ្តុះបណ្តាលធនធានមនុស្សក្នុងជួរកងកម្លាំងប្រដាប់អាវុធកម្ពុជា ឱ្យមានរាយកាយរឹងមាំ ប្រាជ្ញាស្មារតីភ្លឺថ្លា សមត្ថភាពពេញលេញ និងប្រកបដោយវិជ្ជាជីវៈ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិមាតុភូមិ និងប្រជាជន៕