សាលាដំបូងប្រកាសបើកសវនការសំណុំរឿងលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា

 

ភ្នំពេញ៖ សំណុំរឿង «សន្ទិដ្ឋិភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ត្រូវតុលាការក្រុងភ្នំពេញ ប្រកាសបើកសវនាការជំនុំជម្រះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។ នេះ​បើ​តាមសេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ។

សេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ដែលទទួលបន្ទុកចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៧៧៧ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ជាប់ចោទពីបទ សន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បានសម្រេចកំណត់ដាក់កាលបរិច្ឆេទ ជំនុំជម្រះលើសំណុំរឿងនេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៨ និង៣០នាទីព្រឹក នៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ។

ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានបញ្ជូនសំណុំរឿងនេះ ទៅជំនុំជម្រះហើយ ក្រោយពីបានបិទការស៊ើបសួរ កាលពីពាក់កណ្តាលខែវិច្ឆិកា ហើយក៏ធ្វើឡើងបន្ទាប់ពីសាលាឧទ្ធរណ៍ បានសម្រេចទាត់ចោលបណ្តឹងរបស់ ក្រុមមេធាវីលោក កឹម សុខា ដែលប្រឆាំងចំពោះការបញ្ជូនសំណុំរឿង លោក កឹម សុខា ទៅជំនុំជម្រះផងដែរ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឃុបឃិតជាមួយបរទេសផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ហើយត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ទើបដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ បន្ទាប់ពីបែកធ្លាយវីដេអូមួយដែលលោកនិយាយថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open