សង្ស័យរឿងគំនុំធ្វើឲ្យបុរសម្នាក់យកកាំបិតកាប់ទៅលើបុរសម្នាក់ទៀតចំក និងបន្ទូរក្បាលបណ្ដាលឲ្យរងរបួស គួរឲ្យរន្ធត់
(កណ្តាល)៖ បុរសម្នាក់ បានយកកាំបិតកាប់ទៅលើបុរសម្នាក់ទៀត ដែលកំពុងអង្គុយលេងជាមួយគូរដណ្ដឹង បណ្ដាលឲ្យចំក.និងបន្ទូរក្បាលរងរបួសគួរឲ្យរន្ធត់ សង្ស័យផ្ដើមចេញពីរឿងគំនុំ ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង១៨ និង៥៨នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុង ភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ដ្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា៖ ជនរងគ្រោះដែលត្រូវជនសង្ស័យកាប់ឈ្មោះ ឡាយ សៀកឡា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (របួសធ្ងន់ មានស្នាមមុតចំនួន២កន្លែងចំបន្ទូរក្បាលចំនួន១កន្លែង និងចំក.ខាងស្តាំចំនួន១កន្លែង) ។ ចំណែកជនសង្ស័យឈ្មោះ ដេវ សីហា(ហៅខ្លុក) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែលបន្ដថា៖ កន្លងមកជនសង្ស័យ និងជនរងគ្រោះធ្លាប់មានទំនាស់គ្នាម្ដងរួចមកហើយ ដោយពុំដឹងមកពីមូលហេតុអ្វីនោះទេ លុះមកដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ជនរងគ្រោះបានអង្គុយលេងជាមួយគូរដណ្ដឹងនៅចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបានជិះម៉ូតូដោយមានកាន់កាំបិតនៅក្នុងដៃ រួចឈប់ម៉ូតូដើរសំដៅទៅរកជនរងគ្រោះហើយបានកាប់ទៅលើជនរងគ្រោះចំនួន២កន្លែង បណ្ដាលឲ្យត្រូវក និងចំបន្ទួរក្បាលរងរបួសគួរឲ្យរន្ធត់ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ។ ដោយឡែក ជនសង្ស័យដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង កសាងសំណុំរឿង ធ្វើការស្រាវជ្រាវ ដើម្បីចាប់ខ្លួនចាត់ការតាមនីតិវិធីច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ