ឆេះអគារកម្ពស់៤ជាន់មួយខ្នង នៅភាគខាងជើងរដ្ឋ Delhi នៅប្រទេសឥណ្ឌា បណ្ដាលឲ្យអ្នកស្លាប់កើនដល់៤៣នាក់
(ញូដេលី)៖ គ្រោះអគ្គិភ័យដែលបានឆាបឆេះអគារផលិតទំនិញកម្ពស់៤ជាន់មួយខ្នង នៅភាគខាងជើងរដ្ឋ Delhi នៅប្រទេសឥណ្ឌា បានផ្តាច់ជីវិតមនុស្សកើន៤៣នាក់។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ ។
ហេតុការណ៍ភ្លើងឆេះខាងលើបានកើតឡើង នាមុនព្រឹកព្រលឹមថ្ងៃអាទិត្យនេះ នៅពេលមនុស្សប្រមាណជាង១០០នាក់ ដែលភាគច្រើនជាពលករ កំពុងដេកលង់លក់នៅក្នុងអគារ។ ពេលថ្ងៃពួកគេធ្វើការងារ ហើយពេលយប់ពួកគេគឺសម្រាកនៅទីនោះតែម្តង។ ជាលទ្ធផល មនុស្សសរុបយ៉ាងតិចកើនដល់៤៣នាក់បានស្លាប់ និងជាង៥០នាក់ទៀតបានរងរបួស។ ក្នុងចំណោមអ្នកបាត់បង់ជីវិត មាន៣៤នាក់បានស្លាប់នៅកន្លែងកើតហេតុតែម្តង និង៩នាក់ទៀតបានស្លាប់ ពេលព្យាយាមសង្រ្គោះនៅមន្ទីរពេទ្យ។
សូមបញ្ជាក់ថា អាជ្ញាធរឥណ្ឌាបានចល័តរថយន្តពន្លត់អគ្គិភ័យ៣០គ្រឿង ក្នុងការប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យដ៏ធំមួយនេះ។ រីឯការស៊ើបអង្កេតក៏ត្រូវបានធ្វើឡើងផងដែរ ដើម្បីកំណត់ដើមចមដែលបង្កឲ្យមានសោកនាដកម្មខាងលើ ខណៈមានសាក្សីមួយចំនួនអះអាងថា វាទំនងជាបង្កឡើងដោយបញ្ហាចរន្តអគ្គិសនី។ ទន្ទឹមគ្នានេះដែរ អភិបាលរដ្ឋ Delhi ក៏បានប្រកាសផ្តល់ថវិកាជិត១៥,០០០ដុល្លារ សម្រាប់ជួយដល់គ្រួសារអ្នកដែលបាត់បង់ជីវិត និងជិត១,៥០០ដុល្លារ សម្រាប់អ្នករងរបួស៕