លោក មុត ចន្ថា ៖ ការលាបពណ៌រើសអើងជាតិសាសន៍នៅតែបន្តនៅក្នុងសង្គមខ្មែរតទៀត នឹងធ្វើឲ្យសង្គមជាតិបែកបាក់
ភ្នំពេញ៖ បន្ទាប់ពីបណ្តាញសារព័ត៌មានរបស់កម្ពុជា ចុះផ្សាយថាជម្រើសជាតិកម្ពុជា កែវ សុខផេង មានម្តាយជាជនជាតិវៀតណាម រស់នៅខេត្តTây Ninh ក្រោយពេលកម្ពុជាចាញ់វៀតណាម៤ ទល់០ មនុស្សជំនិតរបស់លោក កឹម សុខា ថា ការលាបពណ៌រើសអើងជាតិសាសន៍នៅតែបន្តនៅក្នុងសង្គមខ្មែរតទៅទៀត នឹងធ្វើឲ្យសង្គមជាតិបែកបាក់។
តាមរយៈហ្វេសប៊ុកនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ លោកមុត ចន្ថា បានបង្ហាញថា ការលាបពណ៌រើសអើងជាតិសាសន៍ជាបទល្មើស ។ គួរឲ្យសោកស្តាយបំផុតដែលថ្មីៗនេះមានការផ្សព្វផ្សាយលាបពណ៌មកលើកីឡាករបាល់ទាត់ប្អូនប្រុស កែវ សុខផេង ថាជាជនបរទេស។ នេះជាទង្វើបំបាក់ស្មារតីទឹកចិត្តកីឡាករក្នុងអំពើទុច្ចរឹតបម្រើឲ្យអ្នកដទៃ។
លោកថា បើសិនជាការលាបពណ៌ចោទប្រកាន់ លាបពណ៌រើសអើងជាតិសាសន៍នៅតែបន្តនៅក្នុងសង្គមខ្មែរតទៅទៀត នឹងធ្វើឲ្យសង្គមជាតិបែកបាក់។ អ្នកដែលលាបពណ៌រើសអើងជាតិសាសន៍គួរដឹងថា នេះគឺជាការប្រឆាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិ។
បើតាមលោក មុត ចន្ថា យើងមានមោទនភាពចំពោះប្អូន កែវ សុខផេង និងកីឡាករក្នុងក្រុមកីឡាបាត់ទាត់ជម្រើសជាតិ U22 ដែលបានយកជ័យជំនះបានឈានដល់វគ្គកណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣០។ ការប្រកួតកីឡា គឺមានឈ្នះ មានចាញ់ ដែលនេះជារឿងធម្មតា។ សូមខិតខំបន្តទៀត ដើម្បីមោទនភាពជាតិ។
លោកបន្ថែមថា ក្នុងនាមជាខ្មែរ យើងខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះកីឡាករ កីឡាការិនី ដែលដណ្តើមបានមោទនភាពជូនជាតិ នៅក្នុងព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣០។
សូមជំរាប់ផងដែរថា យោងតាមសមាគមន៍វៀតណាម-កម្ពុជា បានបង្ហាញឯកសារមួយច្បាប់ កាលពីយប់ថ្ងៃទី០៧ធ្នូនេះ ចំពេលការបើកឆាកប្រកួតកីឡាបាល់ទាត់ក្នុងកម្មវិធីស៊ីហ្គេម លើកទី៣០នៅប្រទេសហ្វីលីពិន រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ទាក់ទងនឹងកីឡាករបាល់ទាត់ ក្នុងតួនាទីជាជម្រើសជាតិ និងជាខ្សែប្រយុទ្ធរបស់កម្ពុជាមួយរូប មានពូជពង្សសាវតាជាកូនបង្កើតរបស់ជនជាតិវៀតណាម ដែលបានរស់នៅ និងសិក្សារនៅប្រទេសវៀតណាម។
យោងតាមសមាគមន៍វៀតណាម បានអោយដឹងថា លោកកែវ សុខផេង អាយុ ២៧ ឆ្នាំមានឪពុកជាជនជាតិខ្មែរ ហើយមានម្ដាយជាជនជាតិវៀតណាម ដែលរស់នៅខេត្តតៃនិញ ជាប់ព្រំដែនកម្ពុជា។លោកកែវ សុខផេង បានរស់នៅប្រទេសវៀតណាម រហូតដល់ថ្នាក់ទី៩ ដូច្នេះគាត់អាចនិយាយបាន២ គឺភាសាខ្មែរនិងវៀតណាម។