កម្មវិធី «ម៉ៃក្រូហ្វូនដោះបំណុល» ដែលជាកម្មវិធីរបស់ទូរទស្សន៍បាយ័ន នឹងត្រូវចាក់ផ្សាយនៅរាត្រីថ្ងៃសៅរ៍ទី០៧ធ្នូ ស្អែកនេះហើយ
(ភ្នំពេញ)៖ ទូរទស្សនិកជន និងមហាជនជាច្រើនប្រាកដជាឆ្ងល់នៅពេលដែលបានលឺឈ្មោះកម្មវិធីមួយរបស់ទូរទស្សន៍បាយ័នគឺកម្មវិធី «ម៉ៃក្រូហ្វូនដោះបំណុល» ដែលត្រូវបានបង្កើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ហើយក៏បានធ្វើការផ្សព្វផ្សាយជា Trailer នៅលើកញ្ចក់ទូរទស្សន៍ផងដែររយៈពេលប៉ុន្មានខែកន្លងមកនេះ។ ហើយកម្មវិធីនេះនឹងត្រូវចាប់ផ្ដើមចាក់ផ្សាយចាប់ពីរាត្រីថ្ងៃសៅរ៍ទី០៧ ខែធ្នូស្អែកនេះហើយ។
តាមការអោយដឹងពីលោក គង់ វិសាល ដែលជាអ្នកគ្រប់គ្រងកម្មវិធីនេះ បានអោយដឹថា គោលបំណងធំនៃកម្មវិធី«ម៉ៃក្រូហ្វូនដោះបំណុល» នេះគឺបង្កើតឡើងក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលមានជីវិតតស៊ូលំបាកនៅក្នុងគ្រួសាររបស់គាត់ដែលគាត់រស់នៅពេលបច្ចុប្បន្ននេះប្រកបមុខរបរដោយសុច្ចរិតទៀងត្រង់ ហើយជំនះគ្រប់ឧបសគ្គដើម្បីបានថវិកាមកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ហើយពួកគាត់ត្រូវធ្វើការប្រកួតសមត្ថភាពតាមរយៈការច្រៀងចម្រៀង ដោយចម្រៀងនោះមិនកំណត់ថាត្រូវតែច្រៀងពិរោះនោះទេ សំខាន់ពេលពេលដែលគាត់ជ្រើសរើសម៉ៃក្រូហ្វូលដែលលឺសម្លេងគឺគាត់នឹងមានឱកាសទទួលបានថវិកា។ បេក្ខជនដែលចូលលេងក្នុងកម្មវិធីនេះអាចមានឱកាសទទួលបានទឹកប្រាក់ចាប់ពី ២លានរៀល រហូតដល់៤០លានរៀល(១ម៉ឺនដុល្លារ) ។
លោក គង់ វិសាល បញ្ជាក់ទៀតថា សម្រាប់លក្ខខណ្ឌនៃការចូលលេងកម្មវិធីនេះ គឺពួកគាត់គឺជាអ្នកដែលមានជីវភាពក្រីក្រក្នុងគ្រួសារ ជាអ្នកជំពាក់បំណុលគេ ឬមិនជំពាក់ក៏ចូលលេងបានដែរ សំខាន់គាត់មានជីវភាពក្រីក្រលំបាក ជាមួយនឹងការតស៊ូរស់នៅដោយសុចរិតទៀងត្រង់។ ហើយការថតផលិតកម្មវិធីនេះ គឺក្រុមការងារកម្មវិធី«ម៉ៃក្រូហ្វូនបំណុល»បានធ្វើដំណើរចុះទៅថត ក៏ដូចជាសម្ភាសន៍អំពីដំណើរខ្សែជីវិតពិតរបស់បេក្ខជន បេក្ខនារី ដែលកំពុងរស់នៅជួបការលំបាកជាមួយ នឹងការតស៊ូក្នុងជីវភាពយ៉ាប់យឺន ដើម្បីយកវីដេអូនោះមកបញ្ចូលនៅក្នុងកម្មវិធីនេះ អមទៅដោយភាពកំសត់ក្នុងជីវិតរបស់គាត់ផងដែរ៕