បុរសជនជាតិវៀតណាមម្នាក់ ត្រូវបានចាប់ខ្លួនជាមួយគ្រឿងញៀនជិត២គីឡូក្រាម ពីបទជាប់ពាក់ព័ន្ធករណីជួញដូរ និងកែច្នៃគ្រឿងញៀនជិត១០០គីឡូក្រាម
(ភ្នំពេញ)៖ ជនជាតិវៀតណាមម្នាក់ត្រូវបាន
កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៣) បានបន្ដចាប់ខ្លួនជនជាតិវៀតណាមម្នាក់ទៀត ជាមួយនឹងគ្រឿងញៀនជិត២គីឡូក្រាម នៅសង្កាត់អូឡាំពិក ខណ្ឌចំការមន ដែលជាក្រុមតែមួយជាមួយករណីបង្ក្រាបការជួញដូរ និងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ ដែលសមត្ថកិច្ចដកហូតថ្នាំញៀនជិត១០០គីឡូក្រាម។
លោកឧត្តមសេនីយ៍ត្រី អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានអោយដឹងនៅរសៀលថ្ងៃទី០៦ ខែធ្នូនេះថា ការចុះប្រតិបត្ដិការបន្តការស៊ើបអង្កេត ករណីកែច្នៃ ជួញដូរគ្រឿងញៀន នេះ
ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយសហការជាមួយកម្លាំងមូលដ្ឋាន ក្រោមការសម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី អ៉ិន សុង បញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងជំនាញ បានបើកប្រតិបត្តិការចំនួន២គោលដៅ ដែលគោលដៅទី១៖ នៅវេលាម៉ោង១៩៖២០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានឈានឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ១៤ ផ្លូវលេខ៧ ក្នុងបូរីពិភពថ្មី ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដែលទីតាំងនេះ មុខសញ្ញាឈ្មោះ NGUEYN TUAN THANH ជនជាតិវៀតណាម ភេទប្រុស កើតថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៨៥ កាន់លិខិតឆ្លងដែនលេខ B5751778។ ជនសង្ស័យបានគេចខ្លួន មុខពេលសមត្ថកិច្ចទៅដល់ បានចាប់យកវត្ថុតាងរួមមាន៖ កញ្ឆាក្រៀម១កញ្ចប់ធំ, រថយន្ត១គ្រឿង, ម៉ូតូចំនួន២គ្រឿង, ម៉ាស៊ីនរាបលុយ១គ្រឿង, ជញ្ជីងថ្លឹង១គ្រឿង។
លោកបន្តថា សម្រាប់គោលដៅទី២ នៅវេលាម៉ោង ៨៖៥២យប់នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ បន្តសម្ថកិច្ចជំនាញ បានបន្តទៅឃាត់ខ្លួនជនសង្ស័យ១នាក់ ឈ្មោះ ម៉ាយ ហ្វានទៀនថាញ់ (Mai Hoan Tien Thanh) ភេទប្រុស ជនជាតិវៀតណាម គ្មានលិខិតសម្គាល់ខ្លួន នៅចំណុចផ្លូវលេខ៣០៤កែង ផ្លូវលេខ១៥៣ ស្ថិតក្នុងសង្កាត់ សង្កាត់អូឡាំពិក ខណ្ឌចំការមន។ នៅវេលាម៉ោង១០៖០០នាទីយប់ថ្ងៃដដែលនោះ សមត្ថកិច្ចបន្តទៅឆែកឆេរបន្ទប់លេខ៦០៨ នៃសណ្ឋាគារហ្វែរីឡេម ផ្លូវលេខ១២១ សង្កាត់បឹង ព្រលឹត ខណ្ឌ៧មករា ដែលឈ្មោះ ម៉ាយ ហ្វានទៀនថាញ់ (Mai Hoan Tien Thanh) ជួលស្នាក់នៅ។
លោកបញ្ជាក់ទៀតថា ជាលទ្ធផលនៃប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានសារធាតុញៀនប្រមាណជិត២គីឡូក្រាម រួមមាន៖ ម្សៅមត់ពណ៌ស សង្ស័យកេតាមីន២កញ្ចប់, ម្សៅក្រាមពណ៌សថ្លា សង្ស័យមេហ្វេតាមីន (ICE) ៤កញ្ចប់, ម្សៅក្រាមពណ៌ត្នោត សង្ស័យអ៊ិចស្តាស៊ី (MDMA) ១កញ្ចប់ធំ, ថ្នាំគ្រាប់ចំរុះពណ៌១ប្រអប់ និង៦កញ្ចប់៕