លោក ពេជ្រ ស្រស់ ៖យោធាពាក់ផ្កាយពីរ ទុន ដៀត ជាអ្នកណា បានជាហ៊ានបូមខ្សាច់លុបឆ្នេរសមុទ្រ បានជាង១០ឆ្នាំ ?
កោះកុង៖ ពាក់ពន្ធ័នឹងមន្ត្រីយោធាពាក់ផ្កាយពីរលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរសមុទ្រ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រធានគណបក្សយុវជនកម្ពុជា ថាមន្ត្រីយោធាពាក់ផ្កាយពីរពិតជាមានអំណាចមែន ដែលប្រព្រិត្តបទល្មើសដដែលតាំងពីឆ្នាំ២០០៩មកដល់ឆ្នាំ២០១៩។
យោងតាមផេកហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ នៅព្រឹកនេះ ពិតជាមានអំណាចមែនលោកផ្កាយ២ទុន ដៀត ដែលនៅតែបន្តការចាក់ដីយកដែនសមុទ្រតាំងពីឆ្នាំ២០០៩មកដល់បច្ចុប្បន្ន បើទោះបីមានការហាមឃាត់សកម្មភាពយ៉ាងណាក៏ដោយក៏លោកផ្កាយ២នេះនៅតែរះលើផ្ទៃទឹកសមុទ្រខេត្តកោះកុង ដោយមិនខ្វល់ពីព្រះច័ន្ទនោះឡើយ។
ជាមួយគ្នានេះដែរលោកបានចោទ ជាសំនួរថាតើ ទុន ដៀតជានរណា? បានជាមានឬទ្ធិដូចខ្មោចយ៉ាងដូច្នេះ ដោយគ្មាននរណាហ៊ានទៅប៉ះពាល់សោះអញ្ចឹង?
ប្រមុខគណបក្សនេះបន្ថែមថា តាមផ្លូវច្បាប់ បើជនណាប្រព្រឹត្តបទល្មើសដដែលៗនឹងត្រូវទទួលទោសទ្វេរដង បើសិនជាមិនរាងចាល តើលោកផ្កាយ ២ ទុន ដៀត អាចនឹងជាប់ទោសទ្វេរគុណឬទេ? ពីព្រោះបុគ្គលនេះ បានប្រព្រឹត្តបទល្មើសដដែលតាំងពីឆ្នាំ២០០៩មកដល់ឆ្នាំ២០១៩ ថ្មីៗនេះ។
ជាមួយគ្នានេះដែរ ប្រធានគណបក្សយុវជនកម្ពុជា ស្នើដល់សម្តេច ទៀ បាញ់ អនុវត្តអភិក្រមទី៥ លើលោកផ្កាយ ២ ទុន ដៀត ដែលប្រព្រឹត្តបទល្មើសដដែលៗ។
គួររំលឹកដែរថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ លោកពេជ្រ ស្រស់ បានបង្ហាញព័ត៌មានថា «ស្របពេលអាជ្ញាធរខេត្តកោះកុងកំពុងរវល់ដោះស្រាយទំនាស់ដីធ្លីនៅតាមបណ្តាស្រុក បែរជាឈ្មួញដីឈ្មោះ ទុន ដៀត ដែលគេស្គាល់ថាជាមន្ត្រីយោធាពាក់ផ្កាយពីរ បានសម្ងំលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរយ៉ាងរំភើយ»៕